កម្មករចល័ត ក្នុងចំការចេកអំបូងលឿង ក្រុមហ៊ុន ឡុង ស្រេង ពុលស្រា ស្លាប់៣នាក់ …!

ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ បងប្អូនដែលជា កម្មករចល័ត ធ្វើការក្នុងចំការចេកអំបូងលឿង ក្រុមហ៊ុន ឡុង ស្រេង ស្ថិតនៅភូមិ ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ចំនួន៦៦នាក់ ដែលរងគ្រោះ ដោយពុលស្រា និង ចូលរួមរំលែកទុក្ខគ្រួសារសព ៣នាក់ ទៀត ដែល ពុលស្រា កម្រិតធ្ងន់ បណ្តាលអោយបាត់បង់ដល់អាយុជីវិត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករ ៣នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ ដែលមិននឹកស្មានដល់នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា” ជាមួយនេះ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារសពទាំង ៣ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ ។ ចំពោះ បងប្អូន រងគ្រោះ ដែលបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក៏ត្រូវប្រុងប្រយ័ត្ន ក្នុងការហូបចុក ពិសេស ត្រូវខិតខំថែសុខភាពអោយបានល្អ ដើម្បីបំពេញការងារអោយបានប្រក្រតី ឡើងវិញ ។
ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូន កម្មកររងគ្រោះ ទាំង ៦៦ នាក់ , ក្នុងម្នាក់ៗ ទទួលបាន :
– អង្ករ ៥០គក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១សម្រាប់, អាវយឺត ៦ និង ថវិកា ២០០,០០០ រៀល ។
– បានផ្តល់ជូនគ្រួសារសពទាំង ៣នាក់ ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ
២០កំប៉ុង , មី ២កេស និង បច្ច័យចូលបុណ្យ ចំនួន ១,០០០,០០០ រៀល ។
ដោយឡែក ក្រុមហ៊ុន ឡុងស្រេង ឧបត្ថម្ភជូន កម្មកររងគ្រោះទាំង ៦៦នាក់ ក្នុងម្នាក់ ៗ ៤០០,០០០រៀល ។ ចំពោះ កម្មករដែលបានស្លាប់ ទាំង ៣នាក់ នោះ ក្នុង ១គ្រួសារសព ផ្តល់ជូនថវិកា ៤,០០០,០០០រៀល៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close