លោក ឃឹម ស៊ុនសូដា ៖ អ្នកបើកបររថយន្ត ពិសេស រថយន្តដឹកទូកុងទីន័រ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានម៉ឺងម៉ាត់…..!
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយមន្ត្រីរាជការ លោកអធិការរងនគរបាលខណ្ឌ និងលោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ បានរៀបចំកម្មវិធី សំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនក្រឡុកបេតុង ម្ចាស់អាជីវកម្មផលិតលូ និងក្រុមហ៊ុនផែស្ងួតកុងទីន័រ ក្នុងភូមិសាស្រ្តខណ្ឌកំបូល។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានសំណូមពរដល់ម្ចាស់អាជីវកម្ម ទាំង៣ប្រភេទ ខាងលើ សូមធ្វើការណែនាំដល់ អ្នកបើកបររថយន្ត ពិសេស រថយន្តដឹកទូកុងទីន័រ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានម៉ឺងម៉ាត់ ហើយការទុកដាក់ និងដឹកជញ្ជូនសម្ភារ សូមគិតគូរអំពីបញ្ហាសណ្តាប់ធ្នាប់ អនាម័យបរិស្ថានជាចំបង។ ទន្ទឹមនេះ ចំពោះម្ចាស់ទីតាំងក្រឡុកបេតុងត្រូវចៀសវាងដាច់ខាតនូវការដឹកកាកសំណល់ល្បាយរាវបេតុងពីតំបន់មួយ យកមកបង្ហូរចាក់ចោលនៅតំបន់មួយទៀត ដែលបង្កឱ្យរាយប៉ាយកករឹង ធ្វើឱ្យប៉ះពាល់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ។
អភិបាលខណ្ឌកំបូល ក៏សុំស្នើសុំដល់ម្ចាស់អាជីវកម្មទាំងអស់ សូមចូលរួមជាមួយរដ្ឋបាលខណ្ឌក្នុងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា និងការសម្អាតនូវអនាម័យ បរិស្ថានក្នុងខណ្ឌកំបូល ឱ្យបានស្អាត និងស្រស់បំព្រង។