បំបែកសំណុំរឿងពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថខេត្ត បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម លើជនជាតិចិនដូចគ្នា ទទួលបានជោគជ័យនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមិន, ឃាតកម្មគិតទុកជាមុន, សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន, កាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់, កំហែងយកមានស្ថានទម្ងន់ទោស និងលាក់បំបាំងតម្រុយ។

ប្រតិបត្តិការបង្រ្កាបនេះ ដោយយោងតាមពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិចិន នៅវេលាម៉ោង១២:០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្តីពីការបាត់ប្តីរបស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងការិយាល័យជំនាញ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងចិត្តទុកដាក់បំផុត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷
១/ ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង)
២/ ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ)។

ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួររួចមក ម្ចាស់ទីតាំងបានប្រាប់មកសមត្ថកិច្ចថា ជនសង្ស័យជាមេក្លោង បានរត់គេចខ្លួនទៅរាជធានីភ្នំពេញ បម្រុងឡើងតាមយន្តហោះបន្តទៅកាន់ប្រទេសថៃ បន្ទាប់មកកម្លាំងជំនាញ បានពន្លាតដែនដីសមត្ថកិច្ចទៅរាជធានីភ្នំពេញ ដោយសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ Zang Tanning ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន (មេក្លោង) នាំយកមកកាន់ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។

ផ្អែកតាមការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក បានលួងលោមហៅជនរងគ្រោះទៅហូបបាយនៅទីតាំងខាងលើ លុះក្រោយមកក៏បាននាំជនរងគ្រោះទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ (ផ្ទេរតាមប្រព័ន្ធ USDT ទឹកប្រាក់ចំនួន ១០០.០០០ដុល្លារ (ដប់មុឺនដុល្លារ) និងតាមធនាគារហុយវ័ង ទឹកប្រាក់ចំនួន ៧០.០០០ដុល្លារ (ប្រាំពីរមុឺនដុល្លារ) ក្រោយពីទទួលបានលុយរួចហើយ ខ្លួននិងបក្សពួក បានសម្លាប់ជនរងគ្រោះ នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និងយកសាកសពជនរងគ្រោះទៅប្លុងចោល នៅក្រៅទីតាំងធ្វើសកម្មភាព រហូតដល់វេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវនិងស្វែងរកសាកសពជនរងគ្រោះឃើញ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រហូតដល់វេលាម៉ោង១៩:៥២នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងមន្ទីរជំនាញ សហការណ៍ជាមួយកម្លាំងមន្ទីរជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់បន្ថែម ឈ្មោះ Zang Chuan Gang អាយុ ៣៩ឆ្នាំ ភេទប្រុស ជនជាតិចិន នៅចំណុចភូមិព្រៃតាមៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ និងយកមកបន្តនីតិវិធីនៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

នៅវេលាម៉ោង១៥:០៥នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ Sang in Chuan Sang (ហៅ Dalong) កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងទីតាំងក្រុមហ៊ុនតាសឹងសានជ័ង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញវត្ថុតាងអាវុធខ្លី ចំនួន០២ដើម បន្ថែមទៀតរួមមាន÷
១ ម៉ាក SZ 75 COMPACT លេខ: A 134409
២ ម៉ាក SZ-07 លេខ: D 134090 បង់ចំនួន ០៣ និងគ្រាប់ចំនួន ៦៩គ្រាប់។

នៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញ បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម ដោយមិនមានជនជាប់ពាក់ព័ន្ធបន្តទៀត ជាលទ្ធផលក្នុងនោះសាក្សី ចំនួន ០៥នាក់ បានឆ្លើយបំភ្លឺរួចមក ដោយពុំមានពាក់ព័ន្ធនឹងបទល្មើស ត្រូវបានឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ដោយឡែកជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាងមួយចំនួន កម្លាំងការិយាល័យជំនាញ បានបង្ករសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី។

១ ឈ្មោះ SANG YANMING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែក្រុមហ៊ុនតាសឹងសានជ័ង បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២ ឈ្មោះ SANG CHUAN GANG (ហៅDA LONG) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ប្រធានសន្តិសុខ ក្រុមហ៊ុនតាសឹងសានជ័ង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៣ ឈ្មោះ LIANG JING JING ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ថៅកែហាងក្រុមហ៊ុនតាសឹងសានជ័ង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ចាប់យកវត្ថុតាងរួមមាន
១ អាវុធខ្លី ចំនួន ០២ដើម ម៉ាក CZ 75 D COMPACT លេខ:A134409 និងម៉ាក CZP-07 លេខ: D134090 ,បង់ ចំនួន ០៣ និងគ្រាប់ ចំនួន ៦៩គ្រាប់
២ ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
៣ លិខិតឆ្លងដែនជនជាតិចិន ចំនួន ០៣ក្បាល
៤ អត្តសញ្ញាណប័ណ្ណចិន ចំនួន ០១សន្លឹក
៥ ប័ណ្ណបើកបរ ចំនួន ០៤សន្លឹក
៦ ប័ណ្ណព័ត៌មាន ចំនួន ០៣សន្លឹក
៧ សុីមកាត ចំនួន ០៣
៨ អង្គចងចាំ (USB) ចំនួន ០១។

សូមជម្រាបបញ្ជាក់ជូន÷ ចំពោះថវិកាដែលជនសង្ស័យចាប់ជំរិតពីជនរងគ្រោះ ទឹកប្រាក់ចំនួន ១៧០.០០០$ កម្លាំងការិយាល័យជំនាញ បានស្រាវជ្រាវប្រមូលយកបានមកវិញ ទឹកប្រាក់ចំនួន ១០១.៥០០$ (ដប់ម៉ឺនមួយពាន់ប្រាំរយដុល្លារអាមេរិក) និងប្រគល់ជូនទៅក្រុមគ្រួសារជនរងគ្រោះរួចរាល់គ្រប់ចំនួន។

អត្ថបទដែលជាប់ទាក់ទង
Open

Close