ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី ៣ ខែ វិច្ជិកា ឆ្នាំ ២០២២ នេះ ក្រុមការងារអនុសាខា កាកបាទក្រហមខណ្ឌ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានក្រុមការងារ អនុសាខាខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះចៅអធិការវត្ត សុវណ្ណគិរីយារាម ពូនភ្នំ ព្រះធម្មបញ្ញាមិនី សែម សុភា ព្រះវិន័យធរអនុគណ ខណ្ឌពោធិ៍សែនជ័យ និងចែកអំណោយដល់ប្រជាពលរដ្ឋ ជួបការលំបាក ៣០គ្រួសារ ចាស់ជរា១៥គ្រួសារជនពិការ ៥គ្រួសារ ក្នុងសង្កាត់សំរោងក្រោម ។
នាឱកាសនោះ ព្រះចៅអធិការវត្ត បានមាន ថេរដិកាថា ដោយបានឃើញពីសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ជាពិសេស កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើឱ្យព្រះអង្គសព្វព្រះទ័យ យ៉ាងក្រៃលែង ក្នុងការបន្តគាំទ្រ និងចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ សំដៅជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋយេីងដែលងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ ។
ជាការឆ្លើយតប លោក សក់ ចន្ទកញ្ញារិទ្ធ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណ ចំពោះ ព្រះចៅអធិការវត្ត គណៈកម្មការ អាចារ្យវត្ត ទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទាន ចូលរួមចំណែកជាមួយអនុសាខាខណ្ឌ ដើម្បី អនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួប ប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។ល។
លោកបានបន្តថា ជាការពិតណាស់វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ ហេីយពេលព្រះសង្ឃឃេីញប្រជាពលរដ្ឋជួបទុក្ខលំបាក ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់ ដែលនេះជាវប្បធម៌នៃការចែករំលែកល្អក្នុងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនខ្មែរយេីង ។
លោកប្រធានក្រុមការងារ ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលអនុសាខាខណ្ឌទទួលបានពីវត្តរួមមាន៖ អង្ករ១៥បាវស្មេី និង៧៥០គីឡូក្រាម, ទឹកដោះគោ៨០កំប៉ុង, ស្ករស៥០គីឡូ
ក្រាម,មី៤០កេស,ទឹកក្រូច២៤កេស,ទឹកសុទ្ឋ ៥០កេស,ត្រីខ២០យួរ,ទឹកស៉ីអ៉ីវ៥០យួរ, តែ២៨០កញ្ចប់,បាឡុង៤៦ប្រដាប់ ថវិកាចំនួន
២លាន រៀល៕
បន្ទាប់មក លោកប្រធានក្រុមការងារអនុសាខា បានសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ។
នាឱកាសនោះ លោកប្រធានក្រុមការងារអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈ
កម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យទាំងការរស់នៅ និងការហូបចុក និងបន្តអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ១៩ គឺ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន ៖ អង្ករ២០គីឡូក្រាម,ឃិត១កញ្ចប់មាន ( មី,ត្រីខ,ស្ករស, តែ, ទឹកដោះគោ,ទឹកក្រូច) សំភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន៤មុឺនរៀល ៕
៖ អង្ករ២០គីឡូក្រាម,ឃិត១កញ្ចប់មាន( មី,ត្រីខ,ស្ករស, តែ, ទឹកដោះគោ,ទឹកក្រូច) សំភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន៤មុឺនរៀល ៕