រឿងលោកផ្កាយ៣ គង់ ទីលីន នៅពីក្រោយ និងបានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក មេធាវីថាជារឿងមិនពិត ហើយតម្រូវឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់
ភ្នំពេញ៖ បន្ទាប់ពីមានការចេញផ្សាយតាមបណ្ដាសារព័ត៌មាន និងបណ្ដាញសង្គម អំពីបណ្ដឹងរបស់ពលរដ្ឋដោយចោទប្រកាន់លើលោកឧត្តមសេនីយ៍ឯក គង់ ទីលីន អគាធិការរង ក្រសួងមហាផ្ទៃ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថាជាអ្នកនៅពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក ឥឡូវនេះមេធាវីរបស់លោកបានចេញសេចក្តីបំភ្លឺជូនសាធារណៈហើយ។
យោងតាមលិខិតបំភ្លឺចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ដូចខាងក្រោម៖
ខ្ញុំមេធាវី ស៊ា វណ្ណរ៉េត អត្តលេខ ៨៧៦ និងលោកមេធាវី ឈុន ច័ន្ទតារា អត្តលេខ ១៩៩៨ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ ទីលីន ។
យើងខ្ញុំសូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងគេហទំព័ររបស់សារព័ត៌មានរស្មីគោកធ្លក និងគេហទំព័ររបស់សារព័ត៌មានមួយចំនួនផ្សេងទៀតបានធ្វើការចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ប្តឹងអគាធិការរងក្រសួងមហាផ្ទៃទៅ ACU ចោទថា នៅពីក្រោយ និងបានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក ប៉ុន្តែលោកថាជារឿងមិនពិត!” ដោយក្នុងអត្ថបទគេហទំព័ររបស់សារព័ត៌មានរស្មីគោកធ្លក បានលើកឡើងថា មានពលរដ្ឋចំនួន ០៦នាក់ បានប្តឹងកូនក្តីយើងខ្ញុំទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់កូនក្តីយើងខ្ញុំថា ជាអ្នកនៅពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក លក់សាប៊ូបំបាត់ស្កូវ ម៉ាកមូគីរ៉ុ និងបានបន្ថែមទៀតថា កូនក្តីយើងខ្ញុំបានទទួលប្រាក់ចំនួន ៥០០$ ជារៀងរាល់ខែ និងមានភាគហ៊ុន ១០ភាគរយ ពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក ដែលមានឈ្មោះ ឌួង ចំរើន ហៅ លី ហួរ ជាម្ចាស់ ហើយបានបន្ថែមទៀតថា ម្ចាស់ក្រុមហ៊ុន ឌួង ខូសស្មិកទិក បានយកឈ្មោះកូនក្តីយើងខ្ញុំថាជាសាច់ញាតិ (ទ្រា) ទៅប្រើប្រាស់ ដើម្បីគំរាមគំហែង បុគ្គលិកណាដែលមិនព្រមស្តាប់បញ្ជាថែមទៀតផង។
ពាក់ព័ន្ធការលើកឡើង ដែលគេហទំព័ររបស់សារព័ត៌មានរស្មីគោកធ្លក និងគេហទំព័រសារព័ត៌មានមួយចំនួនផ្សេងទៀតបានចុះផ្សាយតាមបណ្តឹងខាងលើនោះ យើងខ្ញុំសូមធ្វើការបំភ្លឺជាសាធារណៈដូចខាងក្រោម៖
១.សូមបដិសេធរាល់ការលើកឡើងចោទប្រកាន់តាមបណ្តឹងរបស់ដើមបណ្តឹងទាំង០៦នាក់ ពីព្រោះថាឯកសារ ពាក្យបណ្តឹងដែលបានថតចុះផ្សាយតាមរយៈគេហទំព័រសារព័ត៌មានខាងលើ យើងខ្ញុំពិនិត្យឃើញថា ដើមបណ្តឹងទាំងអស់គឺជាបុគ្គលិករបស់ក្រុមហ៊ុន ឌួង ខូសស្មិកទិក ព្រោះបានប្រើពាក្យថា “ថៅកែយើងខ្ញុំ” ហើយក្នុងការអះអាងគឺចោទប្រកាន់កូនក្តីយើងខ្ញុំជាអ្នកកាងនៅពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក ដោយបានបញ្ជាក់ថា ថៅកែខ្លួនឈ្មោះ លី ហួរ ជាអ្នកយកឈ្មោះកូនក្តីយើងខ្ញុំទៅប្រើប្រាស់ គម្រាមសម្លុត បុគ្គលិក និងចាប់ដាក់គុកជាដើម ដែលសុទ្ធតែជាសម្តីថៅកែរបស់ពួកគាត់ និងគាត់តែប៉ុណ្ណោះ មិនមែនជាការបញ្ជា ឬសម្លុតណាមួយពីសំណាក់របស់កូនក្តីយើងខ្ញុំឡើយ។ ម្យ៉ាងទៀតដើមបណ្តឹងដែលជាបុគ្គលិករបស់ក្រុមហ៊ុនទាំងអស់បានអះអាងបញ្ជាក់បន្ថែមថា ថៅកែពួកគាត់តែងតែចេញចូលផ្ទះរបស់កូនក្តីយើងខ្ញុំបង់ប្រាក់ ៥០០$ រៀងរាល់ខែ ឧបត្ថម្ភការងារបក្ស ព្រមទាំងមានភាគហ៊ុនកូនក្តីយើងខ្ញុំចំនួន ១០ភាគរយ ក្នុងក្រុមហ៊ុនថៅកែពួកគាត់ទៀត ដែលព័ត៌មានទាំងនេះ អាចជាការលើកឡើងបំផ្លើសខុសពីការពិត ក្នុងចេតនាទុច្ចរិត ដើម្បីទម្លាក់កំហុស មកលើកូនក្តីយើងខ្ញុំ ដោយគ្មានភស្តុតាងជាក់លាក់ ច្បាស់លាស់ ដែលអាចជាការអួតអាង ពីថៅកែពួកគាត់ ឬពីការចោទប្រកាន់ដោយគ្មានការពិតរបស់ដើមបណ្តឹងប៉ុណ្ណោះ។
២.កូនក្តីយើងខ្ញុំសូមអះអាងថា ប្រសិនបើមានការកោះអញ្ជើញណាមួយពីអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ កូនក្តីយើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចូលបំភ្លឺ ដើម្បីស្វែងរកការពិត និងបង្ហាញពីភាពស្អាតស្អំ និងភាពយុត្តិធម៌របស់ខ្លួន។
៣.យើងខ្ញុំសូមបញ្ជាក់ជូនសាធារណជន ជ្រាបថា កូនក្តីយើងខ្ញុំពុំមានទំនាក់ទំនងណាមួយ ជាមួយ ក្រុមហ៊ុន ឌួង ខូសស្មិកទិក ដែលមានឈ្មោះ ឌួង ចំរើន ហៅ លី ហួរ នោះទេ ហើយកូនក្តីយើងខ្ញុំក៏គ្មានជាប់ជាសាច់ញាតិលោហិត ឬជាសាច់ថ្លៃអ្វីបន្តិចទាល់តែសោះជាមួយឈ្មោះ ឌួង ចំរើន ហៅ លី ហួរ ដែលដូចជាការចុះផ្សាយតាមពាក្យបណ្តឹងចោទកូនក្តីយើងខ្ញុំថាជាញាតិ (ទ្រា) របស់កូនក្តីយើងខ្ញុំនោះទេ។
៤.កូនក្តីយើងខ្ញុំមិនដែលប្រើប្រាស់តួនាទី និងភារៈកិច្ចរបស់ខ្លួនណាមួយដែលច្បាប់ប្រគល់ឱ្យ ដើម្បីទៅធ្វើការគំរាមគំហែង ឬការពារបុគ្គលណាមួយក្នុងបំណងទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនដែលផ្ទុយពីច្បាប់ឡើយ។
៥.ក្នុងនាមយើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិជូនកូនក្តី យើងខ្ញុំនឹងធ្វើលិខិតជាផ្លូវការផ្ញើទៅក្រុមហ៊ុន ឌួង ខូសស្មិកទិក ដើម្បីឱ្យក្រុមហ៊ុនធ្វើការបកស្រាយបំភ្លឺ លើចំណុចនៃការចោទប្រកាន់ដែលបានចុះផ្សាយតាមពាក្យបណ្តឹងរបស់បុគ្គលិកក្រុមហ៊ុនខ្លួនដែលបានចោទប្រកាន់កូនក្តីយើងខ្ញុំ ក្នុងករណីក្រុមហ៊ុន ឌួង ខូសស្មិកទិក មិនបានធ្វើការបកស្រាយបំភ្លឺតាមសំណើនោះទេ យើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ទទួលជ្រាប ដោយការគោរពរាប់អាន៕