អគ្គិភ័យ​ឆាបឆេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ មួយកន្លែង ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ អគ្គិភ័យ​ឆាបឆេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ មួយកន្លែង ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែកស្ថិតនៅផ្លូវលេខ១១ ក្រុម០៤ ភូមិចុងថ្នុលខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ៦៦៦ ថា មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ មួយកន្លែងនៅក្រោយមណ្ឌលសុខភាពទឹកថ្លា ភ្លាមៗនោះ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍សង្គ្រោះផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើងកំពុងតែធ្វើការស្រាវជ្រាវ ហើយក្នុងនោះធ្វើឲ្យខូចខាតឆេះសម្ភារៈក្នុងរោងចក្ររួមមាន ម៉ាស៊ីនដេរចំនួន ៣២គ្រឿង, ឆ្នាំងអ៊ុតចំនួន ០៨គ្រឿង, ក្រណាត់អស់មួយចំនួន និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប, រថយន្តជំនួយមកពី រថយន្តពន្លត់អគ្គិភ័យកងពលតូចលេខ៧០ (ង៧០) ចំនួន ០៤គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ស្រាបៀលកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែរ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ
អត្ថបទដែលជាប់ទាក់ទង
Open

Close