កណ្តាល៖ លោក ឡូវ សុខសាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោងរមងារជា «ឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧១៦ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ លោកត្រូវជាកូនប្រុស ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាកូនប្រសារ លោកបណ្ឌិត ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។
លោក ឡូវ សុខសាន ត្រូវបានរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ជំនួសលោក អ៊ូ ឈាង ត្រូវផ្លាស់ប្តូរតួនាទី។
អ្វីដែលគួរឲ្យស្ងើចសរសើរនោះគឺថា មុនឡើងជាអភិបាលស្រុកកៀនស្វាយ លោកជាអ្នករកស៊ីវ័យក្មេងម្នាក់ ហើយលោក ឡូវ សុខសាន ក៏ជាអភិបាលរងស្រុកកៀនស្វាយផងដែរ។
លោក ឡូវ សុខសាន កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕