ឯកឧត្តម គួច ចំរើន ៖ ការអភិវឌ្ឍនៅលើកោះ ដែលរាជរដ្ឋាភិបាល បានធ្វើការវិនិយោគឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ហើយក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការវិនិយោគ និងជំរុញការអភិវឌ្ឍនៅលើកោះតាមប្លង់គោល

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ២រូប នៅសាលាក្រុងកោះរ៉ុង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
តាមប្រកាសលេខ ៥១៤៩ប្រក ស្តីពីការតំឡើងឋានន្តរសក្តិ តែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន ២រូប ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ៖
១.សម្រេចតែងតាំងលោក អែម រ័ត្នម៉ានិល ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ។
២.សម្រេចតែងតាំងលោក ឡាយ ង៉ែត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំលោកអភិបាលរងក្រុងទាំង ២រូប ដែលជាមន្ត្រីដែលមានលក្ខណៈសម្បត្តិ មានសមត្ថភាព មានបទពិសោធន៍សំដៅជួយសម្រួល ពន្លឿនការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវសំណូមពរ និងតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការបន្ថែមគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក និងនាយករដ្ឋបាលខេត្ត ក្រុង ស្រុក ទៅតាមទំហំការងារនាពេលបច្ចុប្បន្ន។ ការបេ្តជ្ញាចិត្តរបស់លោកអភិបាលរងក្រុងថ្មីនាពេលនេះ ពិតជាមានអត្ថន័យក្នុងការបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងនាមយើងជាមន្ត្រីរដ្ឋបាលត្រូវបានឆ្លងកាត់សាលាអឺរ៉ា (ភូមិន្ទរដ្ឋបាល) ដែលទទួលបានចំណេះដឹងសមស្របក្នុងការដឹកនាំ ម្យ៉ាងទៀតរដ្ឋបាលខេត្តបានជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងធ្វើការតែងតាំងជាប្រធាន អនុប្រធានតាមការិយាល័យ ព្រមទាំងបានស្នើសុំគណៈអភិបាល កងកម្លាំង និងប្រជាពលរដ្ឋចូលរួមសហការអភិវឌ្ឍក្រុងកោះរ៉ុងឱ្យទទួលបានជោគជ័យនាពេលខាងមុខ។ បន្តអភិវឌ្ឍសមត្ថភាពទាក់ទង និងតួនាទីភារកិច្ច ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ តួនាទីភារកិច្ចរបស់អភិបាលរងត្រូវធ្វើជាសេនាធិការឱ្យគណៈអភិបាលក្នុងការដឹកនាំនៅតំបន់កោះ។ ការធ្វើដំណើនៅតំបន់កោះជួបការលំបាកនាពេលកន្លងមក បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយមានភាពកាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ម្យ៉ាងទៀតបញ្ហាសន្តិសុខនៅតាមតំបន់កោះមានភាពល្អមិនមានភាពស្មុគស្មាញ។ និងបានផ្តាំផ្ញើយើងជាមន្ត្រីត្រូវស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការត្រៀមបង្ការជួយដោះស្រាយបញ្ហាកើតឡើងដោយយថាហេតុ ពិសេសជម្រុញការផ្តល់សេវាសុខាភិបាលរបស់យើងឱ្យមានគុណភាពធានាដល់សុខភាពសាធារណៈប្រជាពលរដ្ឋ ព្រោះតំបន់កោះមានមណ្ឌលសុខភាពមួយ និងប៉ុស្តិ៍សុខភាពមួយ។ ដោយសារមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅតំបន់កោះមានភាពទាក់ទាញភ្ញៀវទេសចរចេញចូលកាន់តែច្រើន ពិសេសភ្ញៀវទេសចរអ៉ឺរ៉ុប។ ក្រៅពីវិស័យទេសចរណ៍តំបន់កោះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើសេវាអប់រំ យើងបង្កើតឱ្យមានអនុវិទ្យាល័យ ពង្រីកឱ្យទៅជាវិទ្យាល័យ ដើម្បីឱ្យកូនចៅរបស់យើងបានរៀនសូត្រនៅទីនេះ។ ហើយនៅចុងឆ្នាំនេះ ឬដើម ឆ្នាំ២០២៣ ប្រជាពលរដ្ឋតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់ដូចជាប្រជាពលរដ្ឋនៅដីគោកដែរ។ នៅទីនេះមានប្រជាជនតិច សេវាតិច ដូច្នេះយើងត្រូវធ្វើជាគំរូក្នុងការបំរើសេវាសាធារណៈទៅតាមយន្តការច្រកចេញចូលតែមួយតាមសង្កាត់នីមួយ ដើម្បីកាត់បន្ថយពេលវេលាការផ្តល់សេវាជូនប្រជាពលរដ្ឋ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការអភិវឌ្ឍនៅលើកោះដែលរាជរដ្ឋាភិបាលបានធ្វើការវិនិយោគឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ហើយក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការវិនិយោគ និងជំរុញការអភិវឌ្ឍនៅលើកោះតាមប្លង់គោល ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមប្លង់គោល ផ្លូវ ៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិកោះតូច មកកាន់សាលាក្រុងកោះរ៉ុង ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវានៅសាលាក្រុងកោះរ៉ុង។ ចំពោះការងារជួយសង្គ្រោះយើងបានរួមគ្នាចេញធ្វើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋបានជាបន្តបន្ទាប់។
ឯកឧត្តម អភិបាលខេត្តបន្តទៀតថា ការងារបរិស្ថាន ក៏ជារឿងសំខាន់ត្រូវរួមគ្នាថែរក្សាការពារ និងអភិរក្សព្រៃឈើ បើ(ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន បើកាប់ព្រៃឈើក្ររហេមរហាមដល់កូនចៅ) ដូច្នេះអ្នកកាប់បំផ្លាញព្រៃឈើ ត្រូវរឹបអូសយកដីមកវិញ និងធ្វើការដាំដុះឡើងវិញ ហើយអ្នកបំផ្លាញព្រៃឈើត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង យើងត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារបរិស្ថាននៅលើកោះ តាមឆ្នេរ រួមចំណែកក្នុងការទាក់ទាញទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់តំបន់កោះ កាន់តែច្រើនបន្ថែមទៀតបង្កើនជីវភាពប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចសង្គម៕
អត្ថបទដែលជាប់ទាក់ទង
Open

Close