ផ្លូវបេតុង១ខ្សែ ខាងលិច វត្តទួលតាឯក អមដោយសំរាម ធំក្លិនស្អុយដូចគំរង់

បាត់ដំបង៖ អាជ្ញាធរក្រុងបាត់ដំបង ហាក់មិនសូវអើពើចំពោះសំរាមដែលនៅ រាយប៉ាយជាច្រើនកន្លែងអមតាមដងផ្លូវស្ទើរគ្រប់សង្កាត់ ជាពិសេសផ្លូវប៊ីតុង១ខ្សែស្ថិតនៅខាងលិច វត្តឯករស្មី (ហៅវត្តទួលតាឯក) ចំណុចភូមិអូរតាគាំ១ និងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងជះក្លិនស្អុយដូចគំរង់ ទៅលើប្រជាពលរដ្ឋនិងភ្ញៀវបរទេសដែលធ្វើដំណើរឆ្លងកាត់ទីនោះលាន់មាត់ថា ខេត្តបាត់ដំបង ពិរោះតែឈ្មោះ ទៅដល់សង្កាត់ណាក៍ដូចតែគ្នា បញ្ហាសំរាមនៅតែមានដដែលៗ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនិយមមើលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ទាល់តែអ្នកសារព័ត៌មានចុះផ្សាយឬពលរដ្ឋថតបង្ហោះជាសាធារណះទើបលោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ចេញមុខជំនួសអោយលោក សុខ លូ អភិបាលខេត្តបាត់ដំបងចុះទៅមើលនិងដឹកនាំអាជ្ញាធរមូលដ្ឋានសំអាត បរិស្ថានដើម្បីអោយថ្នាក់លើមើលឃើញ សកម្មភាព តាមទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយនានា បានត្រឹមតែគ្រាប៉ុណ្ណោះ។

បន្ទាប់មកសំរាមនៅតែមានបន្តិចម្តងៗទុកចោលរហូតទាល់តែស្អុយរលួយអមដំណើរភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិខ្ទប់ច្រមុះគ្រប់គ្នា គួរអោយអស់សំណើច ដោយសារតែខ្លិននោះមិនមែនជាក្លិនផ្ការំដួល៣ទង ដែលទទួលបានពានរង្វាន់ ល្បីឈ្មោះទូទាំងព្រះរាជាណាចក្រកម្ពុជា។

ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តបាត់ដំបងសូមបញ្ជាក់ថា ខ្លឹមសារនៃសំនេរខាងលើគឺគ្រាន់តែជាការសំណូមពរ ដល់អាជ្ញាធរខេត្ត និង ក្រុងបាត់ដំបង គួរចាត់តាំងអោយមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ចំពោះបរិស្ថានជៀសវាងកុំអោយមានផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋនិងរក្សារកេរ្តិ៍ឈ្មោះខេត្តបាត់ដំបង យើងផង៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close