ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ រាយការណ៍មកថា មាន ករណី ឆក់ ខ្សែភ្លើង បណ្តាលអោយ បុរស ម្នាក់ ជា តៃកុង រថយន្តដឹកខ្សាច់ ស្លាប់ ក្រោយ បញ្ជូនទៅ មន្ទីរពេទ្យ ។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចដេប៉ូខ្សាច់ របស់ ឈ្មោះ គឿន ភារម្យ ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាអ្នកបើករថយន្តដឹកខ្សាច់ម្នាក់ បាន ដើរត្រឡប់មកពីយកវិក្កយបត្រទូទាត់ប្រាក់ថ្លៃទិញខ្សាច់វិញ ស្រាប់តែរអិលជើងដួលទៅប៉ះនឹងម៉ូទ័របូមទឹក ដែលបូមចេញពីរណ្ដៅខ្សាច់ បណ្តាលឱ្យឆក់ស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ទោះបើ មានករណី ឆក់មនុស្សស្លាប់ ក្នុងទីតាំងដេប៉ូបូមខ្សាច់ខាងលើ គេសង្កេតថា ទីតាំងបូមខ្សាច់នេះ នៅតែអាចដំណើរការបានយ៉ាងរលូនដដែល។ ពាក់ព័ន្ធ ករណីនេះ ក៏មិនទាន់ មានរបាយការណ៍ បញ្ជាក់ ពី ខាង សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំបួរមាស ឬ អធិការដ្ឋាននគរបាលស្រុកមុខកំពូល នៅឡើយទេ ហាក់មានការបិទបាំង។
ពាក់ព័ន្ធ ករណីនេះ អង្គភាព សារព័ត៌មាន យើងបានឆាតតាម រយះសារអេឡិតត្រូនិច WhatsApp ទៅលោក កៅ ចេនឡា នាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំសំបួរមាស ដើម្បីសុំការបំភ្លឺ តែលោកបានត្រឹមចូល មើលតែមិនឆ្លើយតប ។
ដោយឡែក លោកវរសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល ក៏មិនខុស ពីកូនចៅខ្លួនដែរ ពេល អង្គភាពសារព័ត៌មាន ឆាតសួរ ព័ត៌មាន នេះ តាមរយៈ សារអេឡិចត្រូនិក WhatsApp លោក បានត្រឹមចូលមើលតែមិនឆ្លើយតប ។
សូម បញ្ជាក់ ថា ចាប់ពីថ្ងៃទី១៦តុលា រហូតមកដល់ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២ នេះ នៅតែមិនទាន់ អាច បញ្ជាក់ បានទេថា ករណីបុរសដែល ស្លាប់ នៅក្នុង ដេប៉ូខ្សាច់ របស់ ម្ចាស់ ឈ្មោះ គឿន ភារម្យ ថា ជា ករណី ឆក់ ខ្សែភ្លើង ពិតប្រាកដមែន ឬក៏យ៉ាងណា ?