គួរធ្វើយូរហើយ! ចាប់ផ្ដើមយុទ្ធនាការចុះរុះរើស្លាក យីហោ អាហ្វីស ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មមិនមានច្បាប់…! ចុះ ស្រុក ខេត្ត ក្រុង ផ្សេងទៀត ពេលណាបានធ្វើ?
ខេត្តរតនគិរី ៖ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត សហការជាមួយអាជ្ញាធរក្រុងបានលុងដឹកនាំដោយលោក ពុត ដានី អភិបាលរងក្រុងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះបានធ្វើយុទ្ធនាការចុះរុះរើស្លាកយីហោ អាហ្វីស ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមិនមានច្បាប់អនុញ្ញាត ឬអស់សុពលភាពនៅក្នុងភូមិសាស្រ្តក្រុងបានលុង។
ថ្លែងក្នុងឱកាសនៃការរុះរើនេះឯកឧត្តម កុល ផាន់ណា បានលើកឡើងថា ការចុះរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម អាហ្វីស ប៉ាណូ ដែលពុំបានចុះបញ្ចីសុំសិទ្ធផ្សព្វផ្សាយនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តនាពេលនេះគឺ
អនុវត្តតាម ស.ជ.ណរបស់រដ្ឋបាលខេត្តឲ្យចុះពិនិត្យ និងរុះរើ ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូនានា ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងភូមិសាស្រ្តខេត្តរតនគិរី។
ឯកឧត្តម បញ្ជាក់បន្ថែមថា ការចុះរុះរើនេះក៏ជាការរៀបចំសណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តន៍តាមអនុក្រឹត្យលេខ១៨ ស្តីពីបង្កើតយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្ត និងបទដ្ឋានមួយចំនួន ក៏ដូចជាពាក់ព័ន្ធនឹងប្រកាសអន្តរក្រសួង ដើម្បីប្រមូលចំណូលចូលរដ្ឋ។ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រតិភូកម្ម អំណាចមកកាន់ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការប្រមូលចំណូលតាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដូច្នេះបើសិនជាក្រុមហ៊ុន ឬអាជីវករនានា ដំឡើង និងផ្សព្វផ្សាយផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ ស្លាកយីហោ អាហ្វីសប៉ាណូគ្មានច្បាប់ទម្លាប់ត្រឹមត្រូវវានឹងធ្វើឱ្យបាត់បង់ចំណូលរដ្ឋ និងការផ្សព្វផ្សាយដោយពុំមានឆ្លងកាត់មន្ទីរជំនាញធ្វើអោយខ្លឹមសារនៃការផ្សព្វផ្សាយនោះប៉ះពាល់ទំនៀមទំលាប់ប្រពៃណី និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។
យុទ្ធនាការនេះ ក្រុមការងារ នឹងអនុវត្តដូចភ្លៀងរលឹម ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះតទៅ។ ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬក្រុមហ៊ុនឯកជន ដែលមាន ស្លាកយីហោ អាហ្វីស ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តនការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងមកបំពេញកាតព្វកិច្ចបង់ចំណូលនៅអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្តរតនគិរីរៀងរាល់ម៉ោងធ្វើការ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី











