ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងភាពសុខុដុមរមនាដល់សង្គមជាតិខ្មែរទាំងមូល
ខេត្តបាត់ដំបង ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខរបស់អង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ បានថ្លែងថា ៖ នយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងភាពសុខុដុមរមនាដល់សង្គមជាតិខ្មែរទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គឺប្រាកដជាយល់ច្បាស់អំពីអត្ថន័យ និងគុណបំណាច់នេះយ៉ាងជាក់ច្បាស់ ព្រោះបានឃើញជាក់ស្តែងនូវការផ្លាស់ប្តូរប្រែមុខប្រែមាត់ពីតំបន់ដែលធ្លាប់ប្រយុទ្ធគ្នា មកជាទីតាំងពោរពេញសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។ ផ្ទុយពីនយោបាយដើម្បីតែចំណេញរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន ដែលតែងតែធ្វើការញុះញង់ អុចអាលតាមគ្រប់រូបភាព ក្នុងបំណងនាំឱ្យមានការបែកបាក់សាមគ្គីភាព និងបង្កជម្លោះក្នុងសង្គមជាតិ ដើម្បីធ្វើយ៉ាងណាបំពេញមហិច្ឆិតានយោបាយរបស់ខ្លួន។ ដូចនេះ សូមបន្តចូលរួមថែរក្សានូវសុខសន្តិភាពនេះឱ្យបានឋិតឋេរយូរអង្វែងតជំនាន់ ព្រមទាំងប្រឆាំងដាច់ខាត់ចំពោះចលនាខុសច្បាប់ ដែលអាចបង្កើតចលាចល និងអូសទាញប្រទេសជាតិទៅរកស្ថានភាពសង្គ្រាមទ្បើងវិញ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ភារកិច្ចអាទិភាពចម្បង គឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារសនិ្តភាព បូរណភាពទឹកដី សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ តាមរយៈការតៀមប្រុងប្រៀបជាប់ជាប្រចាំក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដើម្បីភាពម្ចាស់ក្នុងការឆ្លើយតបទៅគ្រប់ស្ថានការណ៍យថាហេតុនានា។
អគ្គមេបញ្ជ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងកោតសរសើរចំពោះសមិទ្ធផលការងារទាំងឡាយ ដែលអង្គភាពខិតខំសម្រេចបានក្នុងរយៈកាលកន្លងមកពេលនេះ ទាំងលើការបំពេញភារកិច្ចស្នូលក្នុងការការពារបូរណភាពទឹកដី និងការសហការការពារសន្តិសុខ ស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ មួយវិញទៀត អង្គភាពក៏បានយកចិត្តទុកដាក់សហការបំពេញភារកិច្ចផ្សេងៗទៀតផងដែរ ដូចជា៖ (i) បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដូចជា៖ ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ ។ល។ និង (ii) បានសហការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនយោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន ០៣ គឺបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗជាច្រើន របស់កងពលតូចថ្មើរជើងលេខ ៥៣ រួមមានជាអាទិ៍៖ អគារស្នាក់នៅរបស់សិក្ខាកាម, អគារទីបញ្ជាការកងអនុសេនាធំ, ឃ្លាំងអាវុធគ្រាប់, ផ្ទះបាយគំរូ, ផ្លូវគ្រួសក្រហម, ផ្លូវបេតុង, តារាងបាល់ទាត់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត សម្រាប់បម្រើតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាការរស់នៅ និងការហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន។
ក្នុងនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវឌ្ឍនៈ ក្នុងនាមជាស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដល់កងពលតូចថ្មើរជើងលេខ៥៣ រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវការលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ។ វប្បធម៌នៃការចែករំលែករវាងស្ថាប័ន-អង្គភាពស៊ីវិល ជាមួយអង្គភាព នៃកងយោធពលខេមរភូមិន្ទ គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្តី្រ ក្នុងការបណ្តុះនូវស្មារតីមហាសាមគ្គីជាតិខ្មែរ ចូលរួមពង្រឹងវិស័យការពារជាតិ តាមរយៈការភ្ជាប់បេះដូង និងបង្កើនចំណងសាមគ្គីស្អិតរមួតរវាងកងទ័ពជាសមរភូមិមុខ និងប្រជាជនជាសមរភូមិក្រោយ។ ចក្ខុវិស័យដ៏ថ្លៃថ្លានេះ ពិតជាបានផ្តល់នូវលទ្ធផលគួរជាទីមោទនៈ ទាំងផលចំពោះមុខដល់យោធិន និងក្រុមគ្រួសារ និងផលយូរអង្វែងជូនដល់អង្គភាព និងសង្គមជាតិ។