ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូ វ៉ាន់ធឿង (VO VAN THUONG) សមាជិកការិយាល័យនយោបាយនិងជាលេខាធិការប្រចាំការ នៃគណៈលេខាជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម​ នៅវិមាន​ ៧មករា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ​ ៩រោច​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន​ ៧មករា​ ទទួលបានលទ្ធផលដូចខាងក្រោម៖

កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងគណបក្សទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន ឥតឈប់ឈរនៃទំនាក់ទំនង រវាងគណបក្ស និងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនាពេលកន្លងមក ដូចជា៖ កិច្ចសហប្រតិបត្តិការ ការពារជាតិ សេដ្ឋកិច្ច សន្តិសុខ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីកចម្រើនកើនឡើងគួរឱ្យយកត់សំគាល់ និងប្តេជ្ញាបន្តពង្រឹងពង្រីឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទទៀត។

ភាគីទាំងពីរអះអាងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ បានរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាព បន្តថែរក្សាទំនាក់ទំនងល្អរវាងអង្គការយុវជន នៃគណបក្សទាំងពីរ ជាពិសេសបណ្តាខេត្តដែលមានព្រំដែនជាប់គ្នា ឱ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមក្នុងកិច្ចការតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close