ភ្នំពេញ ៖ តាមប្រពៃណីនៃការប្រារព្ធតាមបែបព្រះពុទ្ធសាសនា និងដើម្បីចូលរួមកសាងសមិទ្ធិផលនានា ក្នុងទីអារាមផងនោះ លោក ឃិត ឈឿន និងលោកស្រី ឯកឧត្តម សៅ សុជាតិ និងលោកជំទាវ រួមនិង ឯកឧត្ដម លោកជំទាវ លោក លោកស្រី
អាចារ្យ គណៈកម្មការ អាជ្ញាធរ ភូមិ សង្កាត់ ពុទ្ធបរិស័ទ ភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើម អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែរវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស៣ខែ ក្នុងព័ទ្ធសីមា វត្តតាំងកសាងខាងជើង ស្ថិតនៅភូមិចំការឪឡឹក 2 សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អង្គកឋិនទានមហាសាមគ្គីនេះ បានប្រារព្ធធ្វើឡើងតាមកិច្ចសាសនា នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រួចបានបញ្ចប់ ជាកិច្ចបង្ហើយបុណ្យ នៅរសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ។
ព្រះសីលធម្មគុណ គឹម ធួង រាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តតាំងកសាងខាងជើង បានមានសង្ឃដីកាថា សមិទ្ធិផលនានានៅក្នុងទីអារាម គឺកើតមានឡើងដោយសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទទាំងឡាយ ដែលទ្រទ្រង់ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ហើយសទ្ធាដ៏បរិសុទ្ធនេះហើយ ដែលជាបុណ្យកុសល ញាំងឱ្យសេចក្ដីប្រាថ្នាទាំងឡាយទាំងពួង អាចសម្រេចបាន ក្នុងជាតិនេះនិងអនាគតជាតិក្ដី ។
បុណ្យកឋិនទាន ជាពិធីបុណ្យមួយចាប់ផ្ដើមប្រារព្ធធ្វើឡើង បន្ទាប់ពីបុណ្យចេញព្រះវស្សា មានរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំ ។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថា ជាការធ្វើទានដ៏វិសេស
មួ យក្នុងចំណោមពិធីបុណ្យផ្សេងៗ ក្នុងព្រះពុទ្ធសាសនា ។ បុណ្យមួយនេះ អ្នកផ្ដើមបុណ្យនិងពុទ្ធបរិស័ទ បានមូលមតិគ្នា រៀបចំជាបរិក្ខា មានត្រៃចីវរ ចីវរ សង្ឃាដិ ស្បង់ចីវរ ព្រមដោយ ទេយ្យទានផ្សេងៗទៀត ដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រ ជាដើម រួមនិងបច្ច័យសម្រាប់កសាងទីអារាមផងដែរ ដើម្បីវេរប្រគេនដល់ព្រះសង្ឈ ប្រើប្រាស់ចាត់ចែងតាមការគួរ ក្នុងវត្តអារាម ៕