ក្រោយរកឃើញការពិតមួយចំនួន! មន្ត្រីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ព្រមានដល់ម្ចាស់សិប្បកម្មកែច្នៃសំណលប្លាស្ទិក ឡេង យូ ឲ្យបញ្ឈប់ការបង្ហូរសំណល់ទឹកចូលក្នុងប្រឡាយជប៉ុន យ៉ាងយូរ ២សប្ដាហ៍ជាកំហិត!
ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយយ៉ាងព្រោងព្រាតពាក់ព័ន្ធការលួចបង្ហូរសំណល់រាវលាយឡំនិងសំណល់កម្ទេចប្លាស្ទិក ចូលប្រឡាយសាធារណៈ ស្រាប់តែក្រុមមន្ត្រីរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងលោក ជ ចាន់ស៊ាង អភិ បាល ររងខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បាននាំគ្នាចុះ ទៅពិនិត្យមើលទីតាំងដែលមានការលួចបង្ហូរសំណល់រាវលាយឡំនិងសំណល់កម្ទេចប្លាស្ទិក ចូលប្រឡាយសាធារណៈ (ប្រឡាយជប៉ុន) ស្ថិតនៅសិប្បកម្មកែច្នៃសំណលប្លាស្ទិក ឡេង យូ នៅភូមិកណ្ដាល សង្កាត់ រលួស ខណ្ឌដង្កោ រាជធានី ភភ្នំពេញ។
តាមប្រភពបានឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ក្រុមមន្ត្រីខាងលើបានពិនិត្យឃើញថា៖
*ទី១-ខ្សែសង្វាក់ផលិតកម្មដំណើរការធម្មតា
*ទី២-ទីតាំងសិប្បកម្មបញ្ចេញសំណល់រាវ មានស្រះប្រមូលផ្ដុំសំណល់រាវមួយ ដើម្បីយកទឹកដែលចេញពីខ្សែសង្វាក់ផលិតកម្មទៅប្រព្រឹត្តិកម្មរួចបង្ហូរចូលស្រះប្រមូលផ្ដុំសំណល់រាវវិញ។ ក្នុងនោះដែរម្ចាស់អាជីវកម្មបានយកទឹកក្នុងស្រះនោះមកប្រើយកទឹកសម្អាតសំបកដបក្នុងដំណើរការចង្វាក់ផលិតកម្មវិញ រីឯទឹកដែលសល់ពីការសម្អាតសំបកដប និងការប្រព្រឹត្តិកម្មមានច្រឡោះប្រហោងបង្ហូរមកប្រឡាយជប៉ុនឡាយសំណល់ប្លាស្ទិកមួយចំនួនតូច។
*ទី៣-នៅប្រព័ន្ធលូបង្ហូរចូលក្នុងស្រះ មើលឃើញមានកំទេចសំបកដបច្រើនតាមប្រព័ន្ធលូ និងតាមរេហ្គ៊ែរ នីមួយៗ និងនៅសងខាងប្រឡាយមានកំនរតូចៗនៃគម្របដបនិងកម្ទេចប្លាស្ទិក២៥កន្លែង។
*ទី៤-នៅទីតាំងសិប្បកម្មមានបុគ្គលិកផ្នែករដ្ឋបាលមេការ និងកម្មករមានចំនួនសរុប ១២៥នាក់ ស្រី៨៣នាក់។
*ទី៥-វត្ថុធាតុដើមដើម្បីយកមកធ្វើដបជ័រ សិប្បកម្មបានប្រមូលទិញជាទូទៅជាង៣០០តោន ក្នុងមួយខែ
*ទី៦-ផលិតផលជាគ្រាប់ជ័រផលិតបានប្រមាណ ២៥០តោន ក្នុងមួយខែ។
ប្រភពដដែលបន្តថា ក្នុងការចុះទៅពិនិត្យរបស់ក្រុមមន្ត្រីទាំងនោះ ពួកគេបានយកទឹកប្រឡាយទៅពិសោធន៍៣សំណាក។ ជាមួយគ្នានោះ ក្រុមមន្ត្រីរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញនិងលោកអភិបាលរងខណ្ឌដង្កោបានដាក់ចេញនូវវិធានការមួយចំនួនជាជំហានដំបូងដូចខាងក្រោម៖
*ទី១-ម្ចាស់ សិប្បកម្មត្រូវសម្អាតទីតាំងក្នុងសិប្បកម្មឱ្យបានស្អាតជាប្រចាំ ជៀសវាងការលេចធ្លាយកាកសំណល់ប្លាស្ទិកចេញមកក្រៅចាប់ពីទី១៣ ខែតុលា ឆ្នាំ២០២២តទៅ។
*ទី២-ម្ចាស់សិប្បកម្មត្រូវប្រមូលសម្អាតគំនរកម្ទេចប្លាស្ទិក និងគម្របដបនៅសងខាងប្រឡាយជប៉ុនឲ្យបានស្អាត ចាប់ពីទី១៣ ខែតុលា ឆ្នាំ២០២២តទៅ។
*ទី៣-បញ្ឈប់ការបង្ហូរសំណល់ទឹក ដែលបានសម្អាតរួចលាយឡំជាមួយទឹកដែលមិនទាន់បានសម្អាតចូលក្នុងប្រឡាយជប៉ុនក្នុងរយៈពេលយ៉ាងយូរពីរសប្ដាហ៍ជាកំហិត។
*ទី៤-ក្នុងករណីដែលសិប្បកម្មមិនបានអនុវត្តតាមការណែនាំខាងលើក្រុមការងារ និងអនុវត្តតាមនិតិវិធីច្បាប់ជាធរមាន
*ទី៥-ក្រោយទទួលបានលទ្ធផលពីការពិសោធន៍គុណភាពទឹកក្រុមការងារនឹងចេញលិខិតបញ្ជារកែប្រែជាផ្លូវការជូនដល់ម្ចាស់សិប្បកម្មដើម្បីអនុវត្តបន្ថែម។
បើយោងតាមប្រភពព័ត៌មានពីមន្ត្រីបរិស្ថានមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យភ្នាក់ងារ The Mirror News ដឹងនៅថ្ងៃនេះថា តាមការពិនិត្យមើលទឹកក្នុងប្រឡាយដែលមានសភាពស្អុយ រហូតផុលចេញមកឡើងខ្មៅហើយមានក្លិនស្អុយបែបនេះ គួរតែធ្វើការផាកពិន័យម្ចាស់សិប្បកម្មមុនក៏បាន ព្រោះថាលទ្ធផលដឹងតែមានសារធាតុគីមី សារធាតុពុលខ្លាំងហើយ។
ប្រភពព័ត៌មានផ្សេងបានដាក់ចម្ងល់មកអង្គភាពព័ត៌មានយើងថា តើម្ចាស់សិប្បកម្មនឹងទទួលខុសត្រូវបែបណា បើសមត្ថកិច្ចជំនាញរកឃើញថាពិតជាមានការលួចបង្ហូរសំណល់រាវលាយឡំនិងសំណល់កម្ទេចប្លាស្ទិក ចូលប្រឡាយសាធារណៈ រហូតធ្វើឲ្យទឹកប្រើប្រាស់លែងកើត ដែលពីមុនគេធ្លាប់ប្រើប្រាស់ បង់សំណាញ់ រកត្រីបាន ឥឡូវនៅក្បែរសឹងមិនបាន ស្អុយជាប់ច្រមុះ ជាប់ខ្លួន បង្កឲ្យរមាស់ស្បែកពេញខ្លួនទៀតផងនោះ? ហើយអាជ្ញាធរមានសមត្ថកិច្ចនិងខាងបរិស្ថានមានវិធានការផ្លូវច្បាប់តឹងរ៉ឹងបែបណាជាមួយម្ចាស់សិប្បកម្មខាងលើ សង្ឃឹមថាអស់លោកយកបរិស្ថានស្អាតល្អ យកសុខភាពសារធារណៈរបស់ប្រជាពលរដ្ឋជាធំ៕