ភ្នំពេញ ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (ប្តី) និង ២) ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) ពាក់ព័ន្ធនឹងករណី ឆបោកប្រាក់ តាមបណ្តាញសង្គម WhatsApp ក្រោមរូបភាពលួងលោមសុំស្រឡាញ់ និងសន្យាផ្ញើប្រាក់រួមទាំងអីវ៉ាន់មានតម្លៃពីក្រៅប្រទេសមកឱ្យជនរងគ្រោះ ក្រោយមកស្ត្រីជាប្រពន្ធក្លែងបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានទំនាក់ទំនងតាមទូរសព្ទទៅជនរងគ្រោះ ដើម្បីទាមទារ កម្រៃ ឬថ្លៃសេវាផ្សេងៗ។
បន្ទាប់ពីបញ្ចប់ការសាកសួរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងពីរនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ តាមរយៈករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលប្រាក់ ឬសម្ភារៈដែលគ្មានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យធ្លាក់ចូលអន្ទាក់ក្នុងការឆបោក ឬចូលរួមប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន៕