ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន ទៅនឹងគណនីហ្វសប៊ុកមួយបានបង្ហោះ ដែលមានខ្លឹមសារថា៖ ធ្លាប់តែលឺគេថាពេលនេះប៉ះចំខ្លួនឯងហើយ។ យប់មិញម៉ោងប្រហែល2am ឡានរបស់ក្រុមហ៊ុនខ្ញុំចំនួនបួនគ្រឿងត្រូវបានជនមិនស្គាល់មុខគប់ដុំថ្មត្រូវទាំងបួនគ្រឿង ហើយបង្កអោយតៃកុងឡានពីរនាក់ត្រូវរបួសបែកក្បាលសន្លប់នៅក្នុងឡាន ធ្វើអោយឡានធ្លាក់ផ្លូវមួយទៀតត្រូវដៃ នៅផ្លូវជាតិលេខ១ ម្តុំផ្សារគគីរ ចំណែកពីរគ្រឿងទៀតគ្រាន់តែបែកកញ្ចក់ ។
សូមអស់លោកសមត្ថកិច្ចជួយមើលផងអស់លោកបើបែបនេះងាប់អស់ហើយនេះឡានកុងទឺន័រ ចុះបើឡានតូចៗមិនស្លាប់អស់ហើយ ។
រឿននេះមិនមែនលើកទីមួយទេកុំចាំអោយសម្តេចស្រែកបានអស់លោកធ្វើរឺម៉េច? សូមបងប្អូនប្រយ័ត្នបន្តិចពេលបើកឡានយប់ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានចុះធ្វើការស្រាវជ្រាវឲ្យដឹងថា ពិតជាមានករណីគុបកញ្ចក់រថយន្តប្រាកដមែន កើតហេតុនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០២:២០នាទីអធ្រាត្រ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីកើតហេតុរួចជនរងគ្រោះឈ្មោះ សែ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកត្រពាំងវែង ឃុំវៀង ស្រុកសំរោង ខេត្តតាកែវ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន C.W.G (តំណាងក្រុមហ៊ុនដឹកជញ្ជូន C.W.G បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ប្តឹងករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ។
តាមការរៀបរាប់ក្នុងពាក្យបណ្តឹងបានសរសេរថា៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០២:២០នាទីអធ្រាត្រ ក្រុមរថយន្តកុងទីន័រ របស់ក្រុមហ៊ុនចំនួន ០៤គ្រឿង ធ្វើដំណើរទិសដៅអ្នកលឿង-ភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ លុះដល់ជិតព្រីនស៍ម៉ាណ័រ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូធ្វើសកម្មភាពយកដុំថ្មគប់លើក្រុមរថយន្តក្រុមហ៊ុន ទាំង០៤គ្រឿង បណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង និងធ្វើឲ្យរងរបួសអ្នកបើកបររថយន្ត។
បន្ទាប់ពីទទួលបានបណ្តឹងរួច កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានចុះពិនិត្យរថយន្តទាំង ០៣គ្រឿងរួមមាន៖
១.ម៉ាក FREIGH TLINER ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-1862 (បែកកញ្ចក់ខាងមុខធ្លាក់ផ្លូវខូចខាតធ្ងន់)។
២.ម៉ាក FREIGH TLINER ពណ៌បៃតង-ស ពាក់ផ្លាកលេខភ្នំពេញ 3C-1294 (បែកកញ្ចក់ខាងមុខ)។
៣.ម៉ាក FREIGH TLINER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-7789 (បែកកញ្ចក់ខាងមុខ)។
ករណីនេះកម្លាំងផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសមកចាត់ការតាមនីតិវិធី។
អាស្រ័យហតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។