សិប្បកម្មផលិត និងវេចខ្ចប់អំបិល ២ទីតាំង និងផ្ទះលក់ ចែកចាយសាច់បង្កកចំនួន ១ទីតាំង ត្រូវបានមន្រ្តីជំនាញធ្វើការត្រួតពិនិត្យ
ភ្នំពេញ៖ យោងទៅតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងដោយមានការស្រាវជ្រាវពីមន្រ្តីជំនាញ ក.ប.ប. សហការជាមួយមន្រ្តីនៃនាយកដ្ឋានមន្ទីរពិសោធន៍ អមដំណើរដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារបានចុះត្រួតពិនិត្យនូវសិប្បកម្មផលិតអំបិលក្នុងខេត្តចំនួន ២ រួមមាន៖
ខេត្តតាកែវ បានចុះត្រួតពិនិត្យសិប្បកម្មផលិត និងវេចខ្ចប់អំបិលស្ថិតក្នុងឃុំអណ្ដូង ស្រុកបាទីដោយបានរកឃើញថា សិប្បកម្មមិនមានអនុលោមភាពផ្នែកសារធាតុអុីយ៉ូដ ដែលមិនគ្រប់បរិមាណទៅតាមការកំណត់ក្នុងអនុក្រឹត្យ និងឯកសារគតិយុត្តដែលមានចែងជាធរមាន។ មន្រ្តីជំនាញក៏បានធ្វើការណែនាំកែតម្រូវនៃបរិមាណសារធាតុអុីយ៉ូដដែលតម្រូវឱ្យមានក្នុងអំបិល ការផលិត វេចខ្ចប់ឱ្យមានអនាម័យ និងបទដ្ឋានព័ត៌មានត្រឹមត្រូវផងដែរ។
រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនូវសិប្បកម្មផលិតទឹកត្រី ទឹកស៊ីអុីវ និងអំបិលដែលស្ថិតក្នុងខណ្ឌឬស្សីកែវ ដោយបានរកឃើញថាសិប្បកម្មនោះមានភាពអនុលោមភាពតាមច្បាប់ដែលមានចែង។ ដោយឡែកផ្ទះលក់សាច់បង្កកមួយកន្លែងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាពដោយបានដកហូតសាច់បង្កកហួសកាលបរិច្ឆេទចំនួន ២០គីឡូក្រាម និងបានអញ្ជើញម្ចាស់ទីតាំងមកបំភ្លឺជូនមន្រ្តីជំនាញនៅអគ្គនាយកដ្ឋាន ក.ប.ប.។






