គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) គាំទ្រដោយធនាគារពិភពលោក Wolrd Bank ដែលអនុវត្តនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ តុលា ២០២២ នេះ លោក ម៉េត មាសភក្តី បញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) គាំទ្រដោយធនាគារពិភពលោក Wolrd Bank ដែលអនុវត្តនៅរាជធានីភ្នំពេញ បានផ្តល់ការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្រីក្រ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត បានជាង ៤០០នាក់ ក្នុងនោះប្រមាណ ៦០% ជាស្ត្រី។
គម្រោងក៏បានជួយកសាងផ្លូវបេតុងជាង ១២គីឡូម៉ែត្រ ស្ពានបេតុង ដាក់លូរំដោះទឹកជាង ៨គីឡូម៉ែត្រ និងបំពាក់ភ្លើងបំភ្លឺសូឡាជិត ៧០០ដើម ក្នុងសហគមន៍ នៃសង្កាត់គោលដៅ ចាប់ពីឆ្នាំ២០១៧មក។
ជាលើកទី២ក្នុងឆ្នាំនេះ ក្រោមការចុះពិនិត្យផ្ទាល់ពីលោកប្រធានគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ រាជធានីភ្នំពេញទទួលបានផ្លូវបេតុងចំនួន ៧ខ្សែ និងដាក់លូ ៣ខ្សែបន្ថែមទៀត សម្រាប់សង្កាត់ចាក់អង្រែលើ សង្កាត់ព្រៃវែង និងសង្កាត់គោករកា។