ត្បូងឃ្មុំ៖ សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានឆ្មក់ស្ទាក់ចាប់រថយន្ដបែនដើម្បីពិនិត្យអនុលោមភាព ដែលរថយន្ដទាំងអស់នេះធ្វើដំណើរតាមផ្លូវជាតិលេខ៧ ក្នុងទិសដៅពីស្រុកអូររាំងឪ ឆ្ពោះទៅកាន់ខេត្តក្រចេះ ចំនួន៥គ្រឿង នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
មន្ដ្រីសាខាគយខេត្តត្បូងឃ្មុំ ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយយោងតាមការចង្អុលបង្ហាញណែនាំពី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងសហការជាមួយកម្លាំងប្រដាប់អាវុធផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅពេលទទួលបានព័ត៌មានថា មានរថយន្ដបែន៥គ្រឿង ធ្វើដំណើរតាមដងផ្លូវនោះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់រថយន្តឲ្យឈប់ នៅទីតាំងសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដើម្បីធ្វើអនុលោមភាព។ ក្រោយត្រួតពិនិត្យឃើញថា រថយន្តបែនម៉ាក់ HINO ចំនួន៣គ្រឿង (ចង្កតស្ដាំ) ពុំមានឯកសារបង់ពន្ធនាំចូល។
មន្ដ្រីសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានសម្រេចយករថយន្តល្មើសច្បាប់គយខាងលើ រក្សាទុកជាបណ្ដោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ធ្វើកំណត់ហេតុល្មើសច្បាប់គយ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមបទបញ្ញត្តិច្បាប់ស្តីពីគយជាធរមាន។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធគយឲ្យបានគ្រប់ៗគ្នា ជៀសវាងប្រឈមជាមួយផ្លូវច្បាប់ជាធរមាន៕