ទីស្តីការក្រសួង៖ ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនៃមន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រកសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។
គោលបំណងសំខាន់នៃការបង្កើតមន្ទីរពិសោធន៍នេះគឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជា និងការកសាងសមត្ថភាពធនធានមនុស្ស បណ្តុះបណ្តាល អ្នកជំនាញជាន់ខ្ពស់ តាមរយៈការបំពាក់ឧបករណ៍ និងម៉ាស៊ីនពិសោធន៍ទំនើបៗ រថយន្តសម្រាប់ចុះ សិក្សាស្រាវជ្រាវ និងការបង្កើតកម្មវិធីគ្រប់គ្រងផ្លូវថ្នល់។
គួរបញ្ជាក់ផងដែរថា៖ ការដាក់ដំណើរការអគារមន្ទីពិសោធន៍តេជោសាធារណការ កម្ពុជា-កូរ៉េ នេះ គឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េមកកាន់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕