យុវជន បង្ហាញការមិនគាំទ្រ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ក្នុងព្រឹត្តការណ៍កីឡា និងទីកន្លែងប្រកួតកីឡា

ភ្នំពេញ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងកីឡាសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជាបានរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ«ការហារមឃាត់ផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ទម្រង់គ្រប់រូបភាពក្នុងព្រឹត្តការណ៍កីឡា និងទីកន្លែងប្រកួតកីឡា»មានបេក្ខជនចំនួន១០រូបដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញក្រោយត្រូវបានជ្រើសរើសដោយគណៈកម្មការ ចេញពីយុវជនរាប់រយនាក់ដែលផ្ញើរអត្ថបទមកប្រកួតប្រជែង ។

ក្នុងការប្រកួតប្រជែង បេក្ខជនដែលជាសិស្សនិស្សិតបានលើកឡើង អំពីគុណវិបត្តិនៃគ្រឿងស្រវឹង ព្រមទាំងការប្រើយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនគ្រឿងស្រវឹងទាំងនោះដើម្បីធ្វើ ការអូសទាញកុមារនិងយុវជន តាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងលើ ឧបត្ថម្ភកម្មវិធីកីឡា ការជួលតារាល្បីៗឱ្យផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាជាដើម។ក្នុងនោះផងដែរ បេក្ខជនបានលើកឡើងឥទ្ធិពលអាក្រក់នៃគ្រឿងស្រវឹងដែលកំពុងតែបង្ករឱ្យ កុមារនិងយុវជនធ្លាក់ផុងជ្រៅមិនអាចដកខ្លួនរួចរហូតដល់បោះបង់ការសិក្សាជាដើម។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សម្តែងការកោតសរសើរចំពោះបេក្ខជនទាំង១០រូបដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនូវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។លោកជំទាវបន្ថែមថា ចំពោះប្រធានបទដែលយកមកប្រកួតប្រជែង គឺស្របទៅតាមគោលនយោបាយដែលក្រសួងអប់រំយកចិត្តទុកដាក់ និងដាក់ចូលក្នុងកម្មវិធីសិក្សា ព្រោះថាសុខភាពគឺជាកត្តាចម្បង និងទី១ ដោយសារប្រទេសជាតិអាចអភិវឌ្ឍន៍បានលុះត្រាតែមានធនធានមនុស្សដែលមានសុខភាពល្អ។

លោកជំទាវបានផ្តល់អនុសាសន៍ដល់បេក្ខជនដែលជាសិស្សនិស្សិត ក្រោយបានបញ្ចេញសមត្ថភាពវោហាសាស្ត្រ កាយវិការ ការលើកដាក់សម្លេងបានធ្វើល្អប្រសើរហើយ តែចំណុចដែលនូវមានភាពខ្វះចន្លោះនោះគឺឯកសារយោង ព្រោះឯកសារយោងត្រូវតែមានភាពប្រាកដប្រជា ច្បាស់លាស់ និងទន្និន័យមានសុក្រិត្យ រូបភាពដែលងាយស្រួលមើលផងដែរ។

គួរបញ្ជាក់ផងដែរថា បេក្ខជនឆ្នើមទាំង១០រូបបានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញហើយក្នុងចំណោម ១០រូបនោះត្រូវបានគណៈកម្មការធ្វើការជម្រុះនិងជ្រើសរើសតែ៥នាក់ប៉ុណ្ណោះដែលអាចឡើងទៅវគ្គបន្ទាប់ទៀតបាន ដោយក្នុនោះមានបេក្ខជន វិន វុទ្ធី តុនចាន់រិទ្ធិ បេក្ខនារី ឈុន ប៉ូលឡែន លី គីមធីណា និងបេក្ខនារី ហាក់ ម៉ីម៉ី ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង
Open

Close