កិច្ចប្រជុំពិនិត្យពិភាក្សាធ្វើអោយប្រសើរឡើង ការបង់កម្រៃសេវាសាធារណៈ និងកម្រៃពាក់ព័ន្ធតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារ

ទីស្ដីការក្រសួង៖ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ាង សុទ្ធាយុត្តិ តំណាងអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បាន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតំណាង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៤គ្រឹះស្ថាន ស្ដីពីការធ្វើឱ្យប្រសើរឡើងការបង់កម្រៃសេវាសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងត្រៀមលក្ខណៈលើការបង់កម្រៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿនតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារជាដៃគូ។

អង្គប្រជុំបានពិភាក្សាលើនីតិវិធី និងអនុស្សារណៈនៃការយោគយល់ (MoU)ក្នុងការផ្តល់សិទ្ធិដល់ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារជាដៃគូក្នុងធ្វើឱ្យប្រសើរឡើងក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រមូលកម្រៃសេវា សាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងការត្រៀមលក្ខណៈបង់កម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន។

ថ្លែងក្នុងកិច្ចប្រជុំ លោកប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារទាំង១៤ ដែលបានចូលរួមចំណែកក្នុងការជំរុញ ការផ្តល់សេវាសាធារណៈ និងសេវាពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានសង្ឃឹម យ៉ាងមុតមាំថា៖ កិច្ចប្រជុំនេះនឹងផ្ដល់គុណតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការ ពង្រីកវិសាលភាពវិស័យហរិញ្ញវត្ថុ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់វិស័យហិរញ្ញវត្ថុធនាគារ ក្នុងការផ្ដល់សេវា សាធារណៈ និងការបង់កម្រៃសេវាពាក់ព័ន្ធពីបងប្អូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ប្រកបដោយ តម្លាភាព កាត់បន្ថយការចំណាយ សំដៅជួយជំរុញដល់ការអភិវឌ្ឍសង្គមជាតិកាន់តែមានភាពរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close