ខេត្តមណ្ឌលគិរី គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off ROAD ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាព នៅដើមឆ្នាំ២០២៣ខាងមុខនេះ
ខេត្តមណ្ឌលគិរី៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានស្គាល់ពីភូមិសាស្ត្រខេត្តមណ្ឌលគិរី ឲ្យមានភាពល្បីល្បាញបន្ថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានគាំទ្រដល់គម្រោងរៀបចំព្រឹត្តឹការណ៍ប្រណាំងរថយន្ត Off ROAD ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាពខេត្តមណ្ឌលគិរី ២០២៣ ដែលមានប្រទេសជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមផងដែរ។
លោក សាន់ ដារិទ្ឋិ អភិបាលរងខេត្តមណ្ឌលគិរី និងជាប្រធានក្លឹបរថយន្ត Off ROAD គោព្រៃមណ្ឌលគិរី បានដឹកនាំមន្ត្រីចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំធ្វើទីលានប្រកួត នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានប្រសាសន៍ថា ការប្រណាំងរថយន្ត Off Road គឺជាកីឡាមួយបែប ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីបណ្តាប្រទេសជាច្រើនលើពិភពលោក ហើយបានទាក់ទាញអ្នកទស្សនា និងភ្ញៀវទេសចរបរទេសជាច្រើនចូលរួមក្នុងព្រឹត្តឹការណ៍នេះ។ លោក សាន់ ដារិទ្ឋិ បន្តថា ការបង្កើតឲ្យមានកម្មវិធីប្រណាំងរថយន្តខ្នាតអន្តរជាតិនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយតំបន់ទេសចរនានាក្នុងខេត្តមណ្ឌលគិរី ទៅកាន់ពិភពលោក ហើយក៏ជាឳកាសមួយមួយបង្ហាញថា ប្រជាជនកម្ពុជា អាចធ្វើបានលើវិស័យប្រណាំងយានយន្តលំដាប់អន្តរជាតិ ទោះបីកីឡាប្រភេទនេះទើបមានវត្តមានក្នុងទឹកដីប្រទេសកម្ពុជា។ លោក បញ្ជាក់ថា ដ្បិតតែការចំណាយលើការរៀបចំព្រឹត្តឹការណ៍ប្រណាំងរថយន្តOff Road ត្រូវចំណាយច្រើន ប៉ុន្តែវិស័យនេះក៏នឹងហុចផលឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបានក្រាស់ក្រែលផងដែរ ជាពិសេសគឺ ភ្ញៀវទេសចរណ៍អន្តរជាតិ អាចស្គាល់ខេត្តមណ្ឌលគិរី រឹតតែច្បាស់ និងដឹងពីតំបន់ដ៏មានសក្តានុពលគ្រប់វិស័យក្នុងខេត្ត រួមមាន៖ សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ប្រពៃណី រហូត អាចឈានដល់ការបង្ហាញពីផលិតផលដើមដែលមានប្រភពចេញពីខេត្តមណ្ឌលគិរី ដូចជា ដំណាំកាហ្វេ ប័រ ក្រូចវល្លិ៍ ជាដើម។
បើតាមការបញ្ជាក់របស់លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា ការប្រណាំងរថយន្តOff Roadខ្នាតអន្តរជាតិខាងលើនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រឃុំពូជ្រៃ ស្រុកពេជ្រាដា។ ហើយមានក្រុមរថយន្តប្រភេទOff Road ប្រមាណជិត១០០ គ្រឿង មកពីប្រទេស ថៃ ឡាវ វៀតណាម រួមនឹងប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងព្រឹត្តឹការណ៍នេះផងដែរ៕