អាជ្ញាធរស្រុកកណ្តាលស្ទឹងនិងមន្ទីរបរិស្ថានខេត្តកណ្តាល ជម្រុញអោយ ប្រធានរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូអខូអិលធីឌី ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងគោរពតាមវិធានការ៧ចំណុច របស់មន្ទីរបរិស្ថាន
ខេត្តកណ្តាល៖ រដ្ឋបាលស្រុកកណ្តាលស្ទឹង នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ ពាក់ព័ន្ធនិងផលប៉ះពាល់ របស់រោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូអខូអិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹង និង លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំទ្រពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកណ្តាល។
បើយោងតាមការលើកឡើងរបស់លោក សំ ចាន់ធី មេភូមិត្បូងក្ដីបានឲ្យដឹងថា កន្លងមករោងចក្របានបង្ហូរទឹកស្អុយចូលអូរ ប្រឡាយខាងមុខវត្តព្រៃរូង បង្កឲ្យទឹកឡើងខ្មៅ ប៉ះពាល់ដល់ប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋបានធ្វើពាក្យបណ្តឹងប្ដឹងមកស្រុក។ លោកបន្តថា ពីមុនប្រជាពលរដ្ឋបានយកទឹកក្នុងអូរមុខវត្តព្រៃរូងសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ក្រោយមកដោយសារឃើញទឹកខ្មៅពេក
បើតាមការលើកឡើងរបស់លោក ហែម ប៊ុន គណៈកម្មការវត្តព្រៃរោង បានឲ្យដឹងថា ទឹកដែលរោងចក្របង្ហូរចេញមកចូលដីប្រជាពលរដ្ឋនិងអូរប្រឡាយគឺជាទឹកកខ្វក់ មានពណ៌ខ្មៅ មិនអាចប្រើប្រាស់បានទេ និងបានសំនូមពរឲ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយផលប៉ះពាល់កុំបង្អែបង្អង់យូរពេកព្រោះយូរហើយ។
បើយោងលោក គង់ ឡុង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងថា គឺដាច់ខាតមិនឲ្យខាងរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូអខូអិលធីឌី ពន្យារពេលដោះស្រាយទេ ត្រូវតែយកសំរាមផ្លាស្ទីកចេញពីដីរបស់គាត់ឲ្យអស់, យកទឹកស្អុយ និងភក់ដែលមានសារធាតុពុលទាំងអស់ចេញពីរបស់គាត់ រួមទាំងដីប្រជាជន។ លោក គង់ ឡុង តម្រូវឱ្យថៅកែរោងត្រូវតែសង់សំណងចំពោះផលប៉ះពាល់ដីកន្លងមក ដីធ្វើស្រែចំការមិនបាន សងថ្លៃដើមឈើដែលបានងាប់ដែលមានរយះពេលប្រមាណជា៧ឆ្នាំមកនេះ។
លោកសំនូមពរឲ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យថៅកែរោងចក្រខាងលើនេះ ចេញថ្លៃសងលើផលប៉ះពាល់ទាំងស្រុងដល់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ទាំងអស់ ហើយលោកបានសំនូមពរទៀតថា សូមឲ្យអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងគួរមានវិធានការយ៉ាងតឹងរ៉ឹងម៉ឹងម៉ាត់បំផុត ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យខាងថៅកែរោងនៅតែលួចដំណើរធ្វើអាជីវកម្មនោះ គឺត្រូវតែរងចាការដោះស្រាយឲ្យបានចប់សព្វគ្រប់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ជាមុនសិន។
ដោយឡែកបើយោងតាមខាងភាគីថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូអខូអិលធីឌីបានលើកឡើងនៅក្នុងអង្គប្រជុំយ៉ាងច្បាស់ៗថា ពួកគាត់មានខ្សែអាត់ដែលនិយាយគ្នាជាមួយលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនិងលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលថា បានអនុញ្ញាតឲ្យខាងពួកគាត់ជាភាគីរោងចក្រអាចបើកដំណើរការឡើងវិញបាន។
នាឱកាស លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកណ្តាលបានគូសបញ្ជាក់ថា ខាងមន្ទីរបរិស្ថានគឺធ្វើតាមតែជំនាញវិជ្ជាជីវៈតែប៉ុណ្ណោះ ត្រង់ថា ខាងរោងចក្រយកអំណោយទៅប្ដូរយកមេដៃពីប្រជាពលរដ្ឋថា ឲ្យបើកដំណើរការរោងចក្រឡើងវិញ ក៏នៅតែបើកមិនបានដដែល។
ជាមួយគ្នានោះ លោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹងបានបញ្ជាក់យ៉ាងដូច្នេះថា អាជ្ញាធរស្រុកនៅតែប្រកាន់ជំហរដដែលថា សូមឲ្យលោកប្រធានរោងចក្រ កំពង់កន្ទួត មេនូហ្វេកធីរីង (ខេមបូឌា) ខូអខូអិលធីឌីគោរពតាមច្បាប់មន្ទីរបរិស្ថានខេត្តកណ្តាល ដែលដាក់ចេញនូវវិធានការ៧ចំណុចឲ្យបានជាមុនសិន បើចង់បើកដំណើរការរោងចក្ររបស់ខ្លួនឡើងវិញ។
លោក ស្វាយ សេងលី ក៏បានលើកឡើងពីវិធានការ៧ចំណុចដូចខាងក្រោម៖
ទី១-ត្រូវសម្របសម្រួល និងដោះស្រាយឱ្យបានសមស្របជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីការបង្ហូសំណល់រាវមានពណ៌ និងក្លិនស្អុយ របស់រោងចក្រ។
ទី២-ត្រូវប្រមូលសំណល់ប្លាស្ទិកដែលរោងចក្របានយកទៅចាក់ចោលនៅលើដីកម្មសិទ្ធឯកជន របស់ប្រជាពលរដ្ឋ ចេញឱ្យអស់ និងរៀបចំរោងទុកដាក់សំណល់រឹង(សំរាម) ឱ្យបានត្រឹមត្រូវ ឱ្យបានរួចរាល់នៅមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។
ទី៣-ត្រូវរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវស្របតាមលក្ខណៈបច្ចេកទេសឱ្យបាន រួចរាល់នៅមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ជាកំហិត ។
ទី៤-ក្នុងរយៈពេលនៃការសាងសងអាងប្រព្រឹត្តកម្មសំណល់រាវ ត្រូវបញ្ឈប់ជាបណ្តោះអាសន្ននូវការបង្ហូសំណល់រាវពីចង្វាក់ផលិតកម្ម បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការ បំពុលប្រភពទឹកសាធារណៈ ដោយត្រូវរៀបចំស្រះ ស្តុកសំណល់រាវពីផលិតកម្ម ឬផ្តល់ សំណល់រាវទៅឱ្យក្រុមហ៊ុនផ្សេងទៀត ដោយមានការឯកភាពពីមន្ទីរបរិស្ថានខេត្តកណ្តាល ដើម្បីធ្វើការសម្អាតសំណល់រាវរបស់ខ្លួន ។
ទី៥-ត្រូវស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ និងសំណល់រឹងឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២
២ជាកំហិត។
ទី៦-ពិន័យអន្តរការណ៍ ១០ ០០០ ០០០(ដប់លាន)រៀល ករណីបង្ហូរសំណល់រាវដែលមាន ពណ៌ និងក្លិនស្អុយបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការបំពុលប្រភពទឹកសាធារណៈ និងទឹកប្រឡាយស្រោចស្រព។ ម្ចាស់រោងចក្រត្រូវមកបង់ប្រាក់ពិន័យ នៅមន្ទីរបរិស្ថានខេត្ត កណ្ដាល ឱ្យបានមុនថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ ។
ទី៧-ករណីរោងចក្រពុំអនុវត្តតាមចំណុចវិធានការខាងលើ មន្ទីរបរិស្ថានខេត្តកណ្តាលនឹងចាត់វិធានការបន្តតាមនីតិវិធីជាធរមាន។