ចៅហ្វាយស្រុក ដឹងអត់? រឿងថៅកែរោងចក្រ ផលិតក្រដាស នៅស្រុកកណ្តាលស្ទឹង ហៅប្រជាជនប្រមាណ៦០នាក់ មកចែកអំណោយ ដើម្បីបង្ខំឲ្យផ្ដិតមេដៃ ខណៈគេមិនទាន់ដឹងច្បាស់ថា គាំទ្ររឿងអ្វីនោះទេ?
ខេត្តកណ្តាល៖ តើ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង មានដឹងរឿង ថៅកែរោងចក្រ កំពង់ កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌី ហៅប្រជាជនក្នុងមូលដ្ឋាន របស់លោកមក ចែកអំណោយ និងបង្ខំឲ្យផ្ដិតមេដៃ គាំទ្រនូវសកម្មភាពអ្វីមួយ របស់ម្ចាស់រោងចក្រខាងលើដែរឬទេ?
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យភ្នាក់ងារយើង ដឹងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះថា នៅថ្ងៃនេះ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើននាក់ បានដើរចេញដើរចូលក្នុងរោងចក្រកំពង់កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌី នៅស្រុកកណ្តាលស្ទឹង ហើយរាល់ពេលដើរចេញគេឃើញប្រជាពលរដ្ឋនាំគ្នាកាន់ មី១កេស អង្ករ៥គីឡូ ត្រីខ៣កំប៉ុងអោបនៅជាប់ដៃ។
តាមប្រភពបានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋនៅភូមិវាលកណ្ដោល អូរអណ្ដូង ស្វាយមីង ដីដុះ និងប្រជាពលរដ្ឋមួយចំនួនទៀតប្រមាណជា៦០នាក់បានមកទទួលអំណោយខាងលើពីកៅថែរោងចក្រផលិតក្រដាសដែលកំពុងរងនូវពាក្យបណ្ដឹងជាច្រើនពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះតែថៅកែរោងចក្រខាងលើនេះ បានលួចបង្ហូរទឹកមានសារធាតុពុលចូលក្នុងដីស្រែ ដីចំការ ប្រឡាយស្ថិតនៅក្នុងភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសូមមិនបញ្ចេញបានដាក់ចម្ងល់ថា គាត់សង្ស័យថា សកម្មភាពចែកអំណោយរបស់ថៅកែចិនខាងលើ អាជ្ញាធរមិនបានដឹងច្បាស់លាស់ទេ ព្រោះថាសកម្មភាពនោះ មិនមែនជាទង្វើមនុស្សធម៌ទេគឺថៅកែរោងចក្រខាងលើព្យាយាមបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃគាំទ្រនូវទង្វើរបស់ខ្លួន ហើយគេមិនដឹងច្បាស់ថា ជាការគាំទ្រនូវសកម្មភាពអ្វីឲ្យពិតប្រាកដឡើយ។ ចុះបើបង្ខំឲ្យពួកគាត់ផ្ដិតមេប្រដៃដើម្បីបង្កើតទង្វើខុសច្បាប់ឬមួយប្រព្រឹត្តនូវសកម្មភាពអ្វីដែលមិនល្អចំពោះសង្គមទៅ មិនវីវរទៅហើយទេ ព្រោះបងប្អូនប្រជាពលរដ្ឋខ្លះលោកមិនដល់ អត់ចេះអក្សរផង៕