ទូកនេសាទ របស់ប្រជាពលរដ្ឋវៀតណាម លួចឆ្លងដែនខុសច្បាប់ ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា ត្រង់ចំណុចព្រែកនៀល ស្នងការបំភ្លឺថា..!

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមអរគុណចំពោះសារព័ត៌មាន ដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ ពាក់ព័ន្ធទៅនឹង ករណី មានទូកនេសាទ របស់ប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនខុសច្បាប់ ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា ត្រង់ចំណុចព្រែកនៀល ស្ថិតនៅក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ព្រំប្រទល់កម្ពុជា-វៀតណាម ។

ក្នុងរយៈពេលកន្លងមក សមត្ថកិច្ចយើងតែងតែចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនជាប្រចាំ ទាំងផ្លូវគោក និងផ្លូវទឹក ដោយឡែកនៅរដូវវស្សា ទឹកឡើងធំ គួបផ្សំនៅពេលមានចន្លោះប្រហោងក្នុងការចេញល្បាតរបស់សមត្ថកិច្ច ជនឆ្លៀតឳកាសក៏ចូលមកប្រព្រឹត្តបទល្មើស ។ សមត្ថកិច្ចយើងក៏ធ្លាប់បានជួបពិភាក្សាជាមួយភាគីវៀតណាម ដើម្បីសុំកិច្ចសហការបង្ក្រាប និងសំណូមពរអោយសមត្ថកិច្ច និងអាជ្ញាធរ ភាគីវៀតណាម ធ្វើការអប់រំណែនាំប្រជាពលរដ្ឋវៀតណាម ឲ្យបញ្ឈប់ការឆ្លងដែនចូលមកនេសាទខុសច្បាប់ក្នុងទឹកដីកម្ពុជាបន្តទៀត។ ជាក់ស្តែងក្នុងរដូវវស្សាឆ្នាំ២០២១កន្លងមក សមត្ថកិច្ចយើងបានធ្វើការបង្ក្រាបទូកនេសាទខុសច្បាប់របស់ប្រជាពលរដ្ឋវៀតណាមចំនួន ០១លើក ព្រមទាំងបានដកហូតវត្ថុតាង មានទូកជ័រ ០១គ្រឿង និងឧបករណ៍ឆក់ត្រី ០១គ្រឿងបច្ចុប្បន្នវត្ថុតាងរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ។

បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាអោយសមត្ថកិច្ចនគរបាលពាក់ព័ន្ធទាំងអស់ អោយបង្កើនការចេញល្បាត និងបង្ក្រាបបទល្មើសខាងលើអោយខានតែបាន ជាមួយគ្នានេះសំណូមពរប្រជាពលរដ្ឋ អ្នកសារព័ត៌មាន នៅពេលឃើញមានហេតុការណ៍ ឬបទល្មើសគ្រប់ប្រភេទកើតឡើង សូមផ្តល់ព័ត៌មានអោយបានឆាប់រហ័សបំផុត តាមរយៈទូរស័ព្ទក្តៅ(ទាន់ហេតុការណ៍) របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង 0977780007 / 177 ឬ សមត្ថកិច្ចមានមូលដ្ឋាននៅជិតនោះ ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ ឬបង្ក្រាបបានទាន់ពេល។

ស្នងការដ្ឋានគរបាលខេត្តស្វាយរៀង សូមអរគុណចំពោះអ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការជាមួយសមត្ថកិច្ច តាមរយៈការផ្តល់ព័ត៌មានអំពីបទល្មើសបានទាន់ពេលវេលា ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close