ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។ ក្នុងកិច្ចពិភាក្សានេះផងដែរ លោកឧត្តមសេនីយ៍ បានផ្តួចផ្តើមគំនិតឱ្យបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរថែមមួយកម្រិតទៀត។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក Simon Stuart បានឯកភាពចំពោះគោលគំនិត និងសំណើរបស់កងទ័ពជើងគោកកម្ពុជា ដោយបានបញ្ជាក់ថា ភាគីទាំងពីរអាចពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការលើការងារជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) បន្ថែមទៀតនៅពេលអនាគត។
ក្នុងឱកាសនេះផងដែរ មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានស្នើសុំឱ្យ ឯកឧត្តម ហ៊ុន ម៉ាណែត ចែករំលែកអំពីបទពិសោធន៍ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ ហើយដែលតាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការចែករំលែកអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទាំងនៅក្នុងយន្តការថ្នាក់ជាតិ ក៏ដូចជាការចូលរួមរបស់កងទ័ពនៅក្នុងបេសកកម្មដ៏សំខាន់បំផុតនេះ ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ និងដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។