(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អមដំណើរដោយ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ដោយថ្ងៃនេះទំនប់អាងទឹកអូរខៃដនបន្តកើនឡើងកម្រិតប្រុងប្រយ័ត្ន និងបានកាយបើកមុខទឹកបង្ហូរចេញការពារកុំឲ្យបាក់ទំនប់ ដូចនេះស្ថានភាពទឹកនៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នឹងអាចកើនឡើង ដែលជាបញ្ហាប្រឈម សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋលផងដែរ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា នៅថ្ងៃនេះ កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ បានចេញប្រតិបត្តិការ នៅគោលដៅមួយចំនួន ក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត កម្លាំងមួយចំនួន ចុះត្រួតពិនិត្យតំបន់ដែលអាចប្រឈមខ្លាំង កម្លាំងមួយចំនួនត្រៀមអន្តរាគមន៍ នៅតាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ រួមជាមួយ សម្ភារ មធ្យោបាយសង្គ្រោះ ធានាជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕