លោក សុង ប៊ុណ្ណារិទ្ធិ ចេញដីកាបង្គាប់អោយឃុំខ្លួន ជនសង្ស័យ ឈ្មោះ អ៊ុក ជីមរាត្រីឧត្តម ពីបទ រំលោភលើទំនុកចិត្ត (លុយជិត៩០ម៉ឺនដុល្លារ អាមេរិក)!
ភ្នំពេញ៖ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់អោយ ឃុំខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ អ៊ុក ជីមរាត្រីឧត្តម អេទប្រុស កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៨៩១ ជនជាតិខ្មែរ ទីកន្លែងកំណើត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទីលំនៅ មុនពេល ឃាត់ខ្លួនស្នាក់ នៅបន្ទប់លេខ១៣ ផ្លូវ១៦បេតេ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ មណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ម៉ៅការសាងសង់ ។
ជននេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ និងជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៨២ នៃក្រមព្រហ្មទណ្ឌ។
លោក អ៊ូ ច័ន្ទរស្មី ជាដើមបណ្តឹងបានបំភ្លឺថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះ អ៊ុក ជីមរាត្រីឧត្តម បានអះអាងថា ខ្លួនជាវិស្វករ សំណង់អាចទទួលការសង់សំណង់ខុនដូ ស្របតាមបទដ្ឋានបច្ចេកទេស…នៅពេលនោះដោយមានការទុក ចិត្តខ្លួនបានឲ្យឈ្មោះ អ៊ុក ជីមរាត្រីឧត្តម ធ្វើការសាងសង់អាគារខុនដូ៩ជាន់ ទីតាំងស្ថិតនៅ ភូមិ៥ សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានប្រគល់ប្រាក់ សរុប ចំនួន ប្រមាណជិត កៅសិបម៉ឺន ដុល្លារអាមេរិក ហើយ ឈ្មោះ អ៊ុក ជីមរាត្រីឧត្តម អះអាងថា រយៈពេល១២ខែក្រោយ និងសាង សង់រួចជា ស្ថាពរ។ ផ្ទុយទៅវិញរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឈ្មោះ អ៊ុក ជីមរាត្រីឧត្តម មិនអាចធ្វើ តាមការអះអាងរបស់ខ្លួនទេ និងប្រើល្បិចទុកច្ចរិតឲ្យខ្លួនផ្ញើប្រាក់ចំនួន ៨៩.៧០០$ (ប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំពីររយ ដុល្លារអាមេរិក) តាមរយៈគណនី (ABA) លេខ០០០២៥៨៨៤៥ ឈ្មោះ OU CHAN REAK SMEY ទៅ កាន់គណនី ០០០៥២៣៦៤៣ ឈ្មោះ CHIMREATREYOLDOM OUK ថាយកប្រាក់ទៅបើកឲ្យកម្មករ និង ទិញទំនិញសំភារៈសំណង់សាងសង់ខុនដូ ។ ប៉ុន្តែផ្ទុយទៅវិញបន្ទាប់បានទទួលប្រាក់ហើយ ឈ្មោះ អ៊ុក ជឹម រាត្រីឧត្ដម បែជាយកប្រាក់រត់គេចខ្លួនតែម្តង។ ក្រោយមកទើបខ្លួនដឹងថាឈ្មោះ អ៊ុក ជីមរាត្រីឧត្ដម មិនមែនជា វិស្វករសំណង់ទេ ហើយក៏គ្មានសញ្ញាបត្រជំនាញផ្នែកវិស្វករសំណង់ដែរ ចំពោះការអះអាងឋានៈក្លែងក្លាយ ខាងលើ គឺដើម្បីឲ្យខ្លួនជឿទុកចិត្តហើយ ប្រគល់ប្រាក់ទៅឲ្យឈ្មោះ អ៊ុក ជីមរាត្រីឧត្ដម តែប៉ុណ្ណោះ ។
ក្រោយពីបានទទួលបណ្តឹងខាងលើរួច បានដំណើការតាមនីតិវិធីធ្វើការអនុវត្តដីកាឲ្យចូលខ្លួនលើ ឈ្មោះ អ៊ុក ជីមរាត្រីឧត្ដម ហើយសាម៉ីខ្លួនបានសារភាពដូចខាងក្រោម៖
ឈ្មោះ អ៊ុក ជីមរាត្រីឧត្តម ជាចុងបណ្តឹងបានសារភាពថាៈ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះ អ៊ូ ច័ន្ទរស្មី បានទំនាក់ទំនងមកខ្លួនឲ្យជួយធ្វើការសាង សង់ខុនដូមួយកន្លែងស្ថិតនៅភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពស់ ៩ជាន់ ហើយពេលនោះដែរខ្លួនបានតម្រូវឲ្យឈ្មោះ អ៊ូ ច័ន្ទរស្មី ប្រគល់ប្រាក់ឲ្យមកខ្លួនដោយផ្ទាល់ដៃ និងតាមរយៈ គណនី (ABA) របស់ខ្លួនលេខ ០០០៥២៣៦៤៣ សរុបទឹកប្រាក់ចំនួន ៨៥០.០០០$ (ប៉ែតសិបប្រាំម៉ឺន ដុល្លារអាមេរិក) ហើយរយៈពេល១២ខែ ក្រោយខ្លួននិងធ្វើការសាងសង់ខុនដូរខាងលើរួចជាស្ថាពរ ។
ក្រោយពេលទទួលបានប្រាក់ចំនួនខាងលើរួច ខ្លួនមិនបានធ្វើការសាងសង់ខុនដូរខាងលើអោយ ឈ្មោះ អ៊ូ ច័ន្ទរស្មី បានរួចរាល់ជាស្ថាពរទេ ហើយខ្លួនមិនមានសញ្ញាប័ត្រវិស្វករផ្នែកសំណងដែរ នៅពេលដែល ខ្លួនទទួលការសាងសង់ខុនដូកម្ពស់៩ជាន់ ទីតាំងស្ថិតនៅភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ពីឈ្មោះ អ៊ូ ច័ន្ទរស្មី ។ កាលពីអំឡុងខែមករា ឆ្នាំ២០២២ ខ្លួនពិតជាបានទទួលប្រាក់ពីឈ្មោះ អ៊ូ ច័ន្ទរ ស្មឹ ចំនួន ១៤៣.៣៨៨$ (ដប់បួនម៉ឺនបីពាន់បីរយប៉ែតសិបប្រាំបីដុល្លារអាមេរិក) មកគណនី (ABA) របស់ខ្លួន លេខ ០០០៥២៣៦៤៣ ប្រាកដមែន និងបើកប្រាក់ឲ្យកម្មករ-ទិញសំភារៈដូចជា ស៊ីម៉ង់ ខ្សាច់ ការ៉ូ ដែក ឥដ្ឋ កន្សែង ខ្សែភ្លើង ទុយោ ទ្វាឈើ ទ្វាបន្ទប់ទឹក (គ្មានឯកសារបញ្ជាក់) ។