កំពង់ស្ពឺ ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ៦កើត ខែអស្សុជឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ០៧-០៨ ត្រង់ចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង រួចបន្តបុកមនុស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកNISSAN NAVARA ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-4293 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចក្រោយកើតហេតុ) ធ្វើដំណើរពីលិចទៅទិសកើត ។
លុះមកដល់ចំណុចខាងលើ បានប៉ះទង្គិចជាមួយរថយន្ត០១គ្រឿង ម៉ាកHINO ពាក់ស្លាកលេខព្រះសីហនុ 3A-1001 ដែលកំពុងចតនៅចិញ្ចើមផ្លូវខាងស្ដាំដៃស្របទិសគ្នា រួចរថយន្ដ NISSAN NAVARA ក៏បន្ដទៅបុកមនុស្ស០១នាក់ ឈ្មោះ ឈួន សុខកែវ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសាង៉ែ ឃុំឧត្តមសូរិយា ស្រុកទ្រាំងកក់ ខេត្តតាកែវ ជាអ្នកបើកបររថយន្ដម៉ាកHINOនេះ ដែលទើបតែចុះពីលើរថយន្ដ ។
គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យស្លាប់មនុស្ស និងខូចខាតរថយន្តចំនួន០២គ្រឿង (ធ្ងន់០១គ្រឿង) ។
បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្តទាំង០២គ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕