អតីត ផ្លូវវេងស្រេង ប្តូរមក (វិថី ចោមចៅ) ប្តូរទាំង ចៅហ្វាយខណ្ឌ តែសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថាន កែមិនឡើងទេ!
ភ្នំពេញ៖ អតីត ផ្លូវវេងស្រេង ដែល ភាគច្រើន មហាជន ស្គាល់ថា ស្ទះចរាចរណ៍ខ្លាំង រៀងរាល់ពេលព្រឹក និង ល្ងាច ក្នុងនោះមានការតាំងលក់ដូរ រំលោភចិញ្ចើមផ្លូវ ការចតយានយន្តលើផ្លូវ ឥតសណ្តាប់ធ្នាប់ ការបើកបរ បញ្ច្រាស បញ្ហាបរិស្ថាន អនាម័យ និងសោភ័ណ្ឌភាព ខណ្ឌពោធិ៍សែនជ័យ ធ្លាក់ចុះ ខណៈ លោកមេប៉ុស្តិ៍ និង ចៅសង្កាត់ចោមចៅទី១ មិនសូវរវល់ចុះរៀបចំឡើយ ពេលនេះ អភិបាលខណ្ឌពោធិ៍សែនជ័យ ថ្មីកំពុងស្រោចស្រង់ លើកមុខមាត់ អតីត ផ្លូវវេងស្រេងឡើងវិញ ដោយដាក់ចេញនូវផែនការចុះរៀបចំប្រចាំថ្ងៃ ជាពិសេស ត្រូវរុះរើសំណង់ដែលរំលោភលើចិញ្ចើមផ្លូវអោយអស់។
បើយោងតាម សេចក្តីជូនដំណឹង របស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យជម្រាបមក លោក/លោកស្រី ប្រធានក្រុមហ៊ុន ហុង វ៉ (កម្ពុជា) ហ្គាមិន ម៉ាញហ្វាក់ធឺរីង លីមីធីត ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្នើ លោក/លោកស្រី បញ្ឈប់រាល់ការតាំងលក់ទំនិញគ្រប់ប្រភេទ និងរុះរើសំណង់ផ្សេងៗចេញពី លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្កេតឃើញថា លោក/លោកស្រី បានតាំងលក់ទំនិញគ្រប់ប្រភេទ និងរុះរើសំណង់ផ្សេងៗនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ស្ថិតនៅ ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឱ្យមាន ការកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ។
ដូច្នេះ ស្នើ លោក/លោកស្រី បញ្ឈប់រាល់ការ តាំងលក់ទំនិញគ្រប់ប្រភេទ និងរុះរើសំណង់ផ្សេងៗ ចេញពី លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈស្ថិតនៅទីតាំងខាងលើឱ្យអស់ដោយស្ម័គ្រចិត្តក្នុងរយៈ ពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹង មានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។
ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើនេះ ជាបន្ទុករបស់ លោក/លោកស្រី ដែលជាម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូស អាជ្ញាធរនឹង កសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ លោក/លោកស្រី នឹងអនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹងនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរជាក់ជាពុំខាន។
សូមជម្រាបថា ជុំវិញ បញ្ហា សណ្តាប់ធ្នាប់ របៀបរយ បរិស្ថាន និងអនាម័យ ក្នុងមូលដ្ឋាននេះ ដែរ តាំងអភិបាលខណ្ឌចាស់ផ្លាស់ថ្មី បានដាក់ចេញផែនការម៉ឺងមាត់ ដែលមាន លោក ប៉ាង លីដា អភិបាលរង ទទួលបន្ទុក ដឹកនាំចុះអនុវត្តផ្ទាល់ តែការងារមួយនេះ ហាក់គ្មានប្រសិទ្ធភាពសោះដូចវែកចក អីចឹង ជាក់ស្តែង ដូចរូបភាពដែលក្រុមការងារព័ត៌មានទទួលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២២ នេះស្រាប់។
តើនេះ អ្វីខ្លះដែលនាំអោយបរាជ័យ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ ? តើអាចមកពីខ្វះ ការចូលរួម ពីសំណាក់ បងប្អូនអាជីករ និង ពលរដ្ឋ មួយចំនួន ឬមួយ ចំណាត់ការ របស់អាជ្ញាធរ នៅមានកំរិត?