លោក ថេង សុថុល បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះធម្មធរ ខណ្ឌ៧មករា ព្រះចៅអធិការវត្តមង្គលវ័ន្ត
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះបីដកធម្ម ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កងណា ម៉ានី ព្រះវិន័យធម្ម ខណ្ឌ៧មករា ព្រះចៅអធិការវត្តសំពៅមាស និង សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះធម្មធរ ខណ្ឌ៧មករា ព្រះចៅអធិការវត្តមង្គលវ័ន្ត ។
បន្ទាប់មក លោក ថេង សុថុល ប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះព្រះបីដកធម្ម ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កងណា ម៉ានី ព្រះវិន័យធម្ម ខណ្ឌ៧មករា ព្រះចៅអធិការវត្តសំពៅមាស និង សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះធម្មធរ ខណ្ឌ៧មករា ព្រះចៅអធិការវត្តមង្គលវ័ន្ត ព្រមទាំង ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តទាំងអស់ ដែលជានិច្ចកាល តែងតែបរិច្ចាគនូវទេយ្យទានជូនដល់អនុសាខាខណ្ឌ៧មករា ដើម្បីអនុសាខាកាន់តែមាន លទ្ធភាពបន្ថែមទៀត ក្នុងការជួយសំរាលដល់ការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា របស់យើង ។
ទន្ទឹមនឹងនេះដែរ លោក ថេង សុថុល ប្រធានកិត្តិយសអនុសាខា បានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ តាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ។