ព័ត៌មាន មួយផ្សាយ ៖ ទីតាំងសង្វៀន (ជល់មាន់ និងអាប៉ោង) ដុះស្លែមួយកន្លែង ជ្រកក្រោមផ្លាក កាស៊ីណូ (ហ្រ្គេនដ្រាហ្គនរីសត) ជ្រៃធំ …! សមត្ថកិច្ច បំភ្លឺថា…!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រ MS (MEAS SORA NEWS) បានចុះផ្សាយថា «មហាជនសំណូមពរដល់ លោក ឈឿន សុចិត្ត និងលោក គង់ សោភ័ណ្ឌ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀន (ជល់មាន់និងអាប៉ោង) ដុះស្លែមួយកន្លែង ជ្រកក្រោមផ្លាក កាស៊ីណូ (ហ្រ្គេនដ្រាហ្គនរីសត) ជ្រៃធំ ខណៈពេលដែលអាជ្ញាធរ និងសមត្ថកិច្ច ស្រុកកោះធំ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល»។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា ចំពោះទីតាំង កាស៊ីណូ (ហ្រ្គេនដ្រាហ្គនរីសត) ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជារបស់ក្រុមហ៊ុន ដាយឡុង ខូលអិលធីឌី ដែលបានអជ្ញាបណ្ណកាស៊ីណូ លេខ ០៣៩ គលក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕