ប្រកាស ស្នងការ ថ្មី មិនទាន់បាន១ខែ ផង មាន ករណី ចោរគាស់ផ្ទះ វីង វេលុយ (WING) លួចលុយ មួយចំនួនធំ!

ខេត្តស្វាយរៀង ៖ ទើបប្រកាស អោយចូលកាន់តំណែង ជាស្នងការខេត្ត មិនទាន់បាន ១ខែផង មានបទល្មើស កើតឡើងក្នុងមូលដ្ឋាន ទៅហើយ?

សូមជម្រាបថា មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ក៍រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីប្រទះឃើញករណី ចោរគាស់ផ្ទះ និងរុះរើ ក្នុងទូវីង វេរលុយរបស់ខ្លួន ព្រមទាំងបាត់បង់សម្ភារៈ និងប្រាក់អស់មួយចំនួនធំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ អ៊ិន សារ៉ាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំពោះសម្ភារៈបាត់បង់ នៅក្នុងទូវីងវេរលុយ មានប្រាក់រៀលចំនួន៧លាន រៀលប្រាក់ដុល្លារចំនួន ១.២០០ដុល្លារ អាមេរិក និងប្រាក់បាតចំនួន ៥.០០០ បាត។

ប្រភពពីម្ចាស់ផ្ទះ បានប្រាប់សមត្ថកិច្ចថា មុនថ្ងៃកើតហេតុកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាច ខ្លួន និងក្រុមគ្រួសារបានចាក់សោទ្វារ ផ្ទះយ៉ាងត្រឹមត្រូវ ហើយបាននាំគ្នាទៅដេកនៅផ្ទះថ្មីដែលស្ថិតនៅភូមិអារក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ដើម្បីជួបជុំបងប្អូនកូនចៅ។

ប្រភពដដែល បន្តថា លុះដល់ព្រឹកឡើង ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង៦ និង៣០នាទីខ្លួននិងក្រុមគ្រួសារបានវិលត្រឡប់មកផ្ទះនៅភូមិបុស្សគគីរ វិញបានឃើញទ្វារផ្ទះពីខាងក្រោយ ត្រូវគេគាស់របើកនិងមានការរុះរើក្នុងទូវីងវេរលុយដែលនៅក្នុងផ្ទះ និងបាត់បង់សម្ភារទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះហើយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះស្រាវជ្រាវនិងឆែកកាមេរ៉ាសុវត្តិភាព នៅផ្ទះកើតហេតុឃើញមានចោរតែម្នាក់ឯង បានគាស់ទ្វារផ្ទះពីខាងក្រោយ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៥០នាទី ប៉ុន្តែមុខសញ្ញានោះ សមត្ថកិច្ច កំណត់អត្តសញ្ញាណមិនបានទេ ព្រោះរូបភាពពេលយប់ មើលមិនបានច្បាស់ គ្រាន់តែដឹងថា ជាមនុស្សប្រុស បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវដើម្បិចាត់ការបន្តតាមច្បាប់។

គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ត្រី ពេជ្រ វិរៈ អត្តលេខ ០៨៥១៥ ត្រូវបានតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

ពលរដ្ឋ សង្ឃឹមថា លោកស្នងការខេត្តស្វាយរៀង ថ្មី នឹងដាក់កម្លាំងស្រាវជ្រាវ ឈានដល់កំណត់ មុខសញ្ញាជនសង្ស័យ ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close