អ្នកលេងរត់អស់ ហៅលោកតា វ័យ៩០ឆ្នាំ ជាម្ចាស់ផ្ទះ ផ្តិតមេដៃ ធ្វើកិច្ចសន្យាអប់រំ….!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារបញ្ចេញមតិក្នុងប្រអប់សារ ផេកហ្វសប៊ុក អធិការដ្ឋាននគរបាលស្រុកលើកដែក ដែលមានខ្លឹម​សារថា៖«ចាស នៅក្នុងភូមិញុមមានការលេងបៀរលួចលាក់ជារៀងរាល់ថ្ងៃ ភូមិព្រែកដាច់ ផ្ទតាយឹម យាយសន ញុមអត់មានរូបទេបង តែលេងនៅខាងក្រោយផ្ទះគាត់ មាត់កំពង់»។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចាប ច័ន្ទវិទ្យា អភិ​បាល នៃគណៈអភិបាល​ស្រុកលើកដែកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក​ក្នុងការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល​និងអនុសាសន៍លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ចុះស្រាវជ្រាវបង្ក្រាបករណីខាងលើ។

ជាលទ្ធផល៖នៅរសៀលថ្ងៃអាទិត្យ១៥រោច ខែ​ភទ្របទ ឆ្នាំខាលចត្វាសក័ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ​២០២២ វេលាម៉ោង ១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និងលោកមេឃុំព្រែកដាច់បានចុះស្រាវជ្រាវដល់ទីតាំងដូចបានរាយការណ៍ ពេលកម្លាំង ចុះទៅដល់បានឃើញមានការលេងល្បែងស៊ីសង (លេងបៀរ) ពិតមែនហើយអ្នកលួច
(លេងបៀរ) ទាំងនោះបានរត់គេចខ្លួនបាត់អស់។​

វត្ថុតាងចាប់យករួមមាន៖
-កំរាលក្រាលលេងបៀរចំនួន០២
-ស្បែកជើងចំនួន០៧គូរ
-សន្លឹកបៀរចំនួន ៨៩សន្លឹក
-លុយខ្មែរចំនួន ៦៣០០៛

ចំណាត់ការ៖ កម្លាំងសមត្ថកិច្ច ក៏បានប្រមូលវត្ថុតាងខាងលើ និងបានអញ្ជើញម្ចាស់ទីតាំងឈ្មោះ លាស់ ញឹម ភេទប្រុស អាយុ ៩០ ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាលមកប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ មិនអោយ បើកលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត បើនៅមានលួចបើកលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត ត្រូវធ្វើការបង្រ្កាបនិងចាត់ការតាមនីតិវិធី។។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close