ឯកឧត្ដម គួច ចំរេីន បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាតវេរប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនៅវត្ត “ពោធិពេជ្រគីរី”
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ អញ្ជើញដឹកនាំឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាល រងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកព្រៃនប់ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាតវេរប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនៅវត្ត “ពោធិពេជ្រគីរី” ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ និងមន្ត្រីបានរៀបចំដាក់បិណ្ឌ ប្រតិបត្តិទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយបានវេរប្រគេននូវចង្ហាន់រួមមាន បាយសម្ល នំបញ្ចុក ព្រមទាំងសម្ភារ:ដូចជា អង្ករ១០ប៉ាវ មី៤កេសធំ ត្រីខ៤កេសធំ ទឹកក្រូច១០កេស ទឹកផ្លែឈេី១០កេស ទឹកសុទ្ធ២០កេស ផ្លែឈើ២១កន្ត្រក ស្លាដក២១ស្លាដក នំអន្សម៣០ដេីម និងបច្ច័យ២.១០០.០០០រៀល ដេីម្បីរាប់បាត បង្សុកូល ប្រគេនព្រះសង្ឃ ដាឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលបួងសួងទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ក៏ដូចជាអ្នកមានគុណមានមាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមមកទទួល យកនូវមគ្គផលទាំងអស់នេះ ហើយសូមបែរក្រោយឱ្យពរជ័យសព្វសាធុការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ប្រកប ដោយសេរីសួស្ដី សេចក្ដីសុខចំរើន គ្រប់ក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក៏បានចូលរួមបច្ច័យប្រគេនសម្រាប់វត្តចំនួន ១០.០០០ ដុល្លាផងដែរ។