ប្រកាសតែងតាំងប្រធានកិត្តិយស សមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ត្រូវបានលោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាប្រកាសតែងតាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារក្នុងឱកាសអញ្ជើញជួបសំណេះសំណាលអតីតយុទ្ធជនប្រមាណ២០០នាក់។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទៀតថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាពដោយបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។

លោក គន់ គីម បានលើកឡើងទៀតថា កន្លងទៅសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនដល់សមាជិកសអកពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២១ សរុបបានចំនួន៩៨ខ្នងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឆ្នាំ២០១៧ ចំនួន០៦ ខ្នង។ ជាក់ស្តែង ដើមឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់បៀរវត្សន៍ជាបន្តបន្ទាប់។

លោកនាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ខណៈនាពាក់កណ្តាល ឆ្នាំនេះ សមាគមអតីតយុទ្ធជនកម្ពុជាបានខិតខំបញ្ចប់គម្រោងសាងសង់ផ្ទះចំនួន៤០០ខ្នងបន្ថែមទៀតដល់អតីតយុទ្ធជនមុនបំណាច់ឆ្នាំ២០២២។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានបន្តយ៉ាងដូច្នេះថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះគឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំនិងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំសង្កាត់ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារតាមខ្នងផ្ទះនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close