អាជ្ញាធរខេត្តសៀមរាប ចាត់កម្លាំងក្នុងការអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
យោងលើស្ថានភាពធាតុអាកាស ខេត្តសៀមរាប បានទទួលរងនូវឥទ្ធិពលខ្យល់មូសុងននិរតី និងប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឱ្យខេត្តសៀមរាប មានខ្យល់ ភ្លៀងធ្លាក់យ៉ាងខ្លាំងខុសប្រក្រតី។ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥ ៨៧២ គ្រួសារ ភូមិចំនួន ១៨៤ភូមិ ឃុំចំនួន៤១ នៃស្រុក ចំនួន៨ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ដែលបង្កឱ្យមានផលប៉ះពាល់ និងជំនន់ទឹកភ្លៀង។ក្រៅពីប៉ះពាល់ដល់លំនៅឋាននិងប្រជាពលរដ្ឋនោះ ទឹកជំនន់នេះ បានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦.១២៥ហិកតា ដំឡូងមី ចំនួន ១.៥៧៨ហិកតា លិចទីធ្លាសាលារៀន ៣៣កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៤កន្លែង អាគាររដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល ០៧កន្លែង លិចបរិវេណវត្ត ០៦កន្លែង លិចផ្លូវប្រវែង ៧៨.៤២៦ម៉ែត្រ និងខូចខាតប្រវែង ២.៣៦៦ម៉ែត្រលិចខ្នងទំនប់ ខ្នប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត លិចស្ពាន ០១កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ ងាប់គោចំនួន ០១ក្បាល ងាប់មាន់ទាសរុបចំនួន ៦៧៦ក្បាល។
រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក ការថែទាំសុខភាព ការបង្កាជំងឺរាករូស កាពារពីការយាយីពីសត្វមានអាសិរពិស ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត ។
ក្នុងអំឡុងពេលនេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បាននឹងកំពុងដឹកនាំពិនិត្យស្ថានភាពនិងបានជំរុញដល់អាជ្ញាធរស្រុកទាំង៨ ខាងលើ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី សហការ ដេីម្បីរៀបចំផែនការអន្តរាគមន៍ និងតាមដានបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឱ្យបានច្បាស់លាស់ ដើម្បីធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមការលិចលង់ផ្ទះសម្បែងមកកាន់ទីទួលសុវត្ថិភាព ដោយធ្វើការណែនាំឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងបង្ការការពារឆ្លងជំងឺនានា ក៏ដូចជាជំងឺកូវីដ-១៩ និងត្រៀមបង្ការឆ្លើយតបចំពោះគ្រោះមហន្តរាយនានាដែលនឹងអាចកើតឡើងជាយថាហេតុ ។