ស្រុកចំនួន៨ក្នុងខេត្តសៀមរាប កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តអំពាវនាវដល់ពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន

ខេត្តសៀមរាប៖ តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះមក ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់ភូមិចំនួន ១៥០ភូមិ នៃឃុំចំនួន៣១ ក្នុងស្រុកចំនួន៨ រួមមាន ៖ ស្រុកស្រីស្នំ , ស្រុកក្រឡាញ់ , ស្រុកជីក្រែង , ស្រុកអង្គរជុំ , ស្រុកវ៉ារិន , ស្រុកពួក , ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងនោះ បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២.៩០៦គ្រួសារ ក្នុងនោះលិចបរិវេណផ្ទះកម្រិតស្រាលចំនួន ១.៧៦០ខ្នង និងកម្រិតធ្ងន់ចំនួន ២៩ខ្នង ហើយមានប្រជាពលរដ្ឋចំនួន ៤ គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិដែលនៅជិតៗ ដោយឡែក ប្រជាពលរដ្ឋដទៃនៅពុំទាន់ដល់កម្រិតដែលត្រូវជម្លៀសនៅឡើយ ។
របាយការណ៍បញ្ជាក់បន្ថែមថា ក្រៅពីប៉ះពាល់ដល់លំនៅឋាននិងប្រជាពលរដ្ឋនោះ ទឹកជំនន់នេះ បានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦.១២៥ហិកតា , ដំឡូងមី ចំនួន ១.៥៧៨ហិកតា , លិចទីធ្លាសាលារៀន ៣៣កន្លែង , លិចបរិវេណមណ្ឌលសុខភាព ០៤កន្លែង , អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ០៧កន្លែង , លិចបរិវេណវត្ត ០៦កន្លែង , លិចផ្លូវប្រវែង ៧៨.៤២៦ម៉ែត្រ និងខូចខាតប្រវែង ២.៣៦៦ម៉ែត , លិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត , លិចស្ពាន ០១កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ , ងាប់គោចំនួន ០១ក្បាល , ងាប់មាន់ទាសរុបចំនួន ៦៧៦ក្បាល។
បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងកើតឡើង លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចេញសារជូនដំណឹងតាមរយៈប្រព័ន្ធ១២៩៤ ដល់បងប្អូនប្រជា ពលរដ្ឋ និងសាធារណជន នៅក្នុងភូមិសាស្ត្រខ្លះនៃខេត្តសៀមរាប ឱ្យមានលក្ខណៈ ត្រៀមបម្រុង និងតាមដានបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បី ឆ្នាំ២០២២ ដែលកម្ពុជាកំពុងបន្តទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប (ITCZ) ។
របាយការណ៍បន្ថែមថា ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក , ការថែទាំសុខភាព ការបង្កាជំងឺរាករូស , កាពារពីការយាយីពីសត្វមានអាសិរពិស និង ការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត ។
ដោយឡែកចំពោះស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាបវិញ បានលិចទឹកនៅតាមភូមិនៃបណ្ដាសង្កាត់ចំនួន១១ ដូចជាសង្កាត់ជ្រាវ សង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់ក្របីរៀល សង្កាត់សៀមរាប សង្កាត់សំបួរ សង្កាត់នគរធំ សង្កាត់ទឹកវិល សង្កាត់ស្វាយដង្គំ និង សង្កាត់សាលាកំរើក លើកលែងតែសង្កាត់ចុងឃ្លៀស បណ្ដាលឲ្យលិចនូវហេដ្ឋារចនាសម្ព័ន្ធនានា បរិវេណផ្សារ សាលារៀន មណ្ឌលសុខភាព និងតាម បណ្តាដងផ្លូវសំខាន់ៗក្នុងក្រុង និងបានស្រកទឹកវិញជាបណ្តើរៗ ហើយក្រុមការងារ រដ្ឋបាលក្រុង សង្កាត់បានធ្វើការបង្វែរដើម្បីរំដោះទឹកចេញពីតំបន់លិចទាំងនោះ។
ស្របតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានព្យាករណ៍អាការធាតុចាប់ពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២២ ចំពោះឥទ្ធិពល ជ្រលងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអាចធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើង ជាយថាហេតុ ស្របពេលតំបន់មួយចំនួនមានការជន់លិចស្រាប់នាអំឡុងពេលនេះ។ – លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តត្រៀមលក្ខណៈ ដើម្បីតាមដាន និងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះក្នុង ករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ។
គួររំលឹកថា ករណីជំនន់ទឹកភ្លៀងនោះនឹងកើនមានបន្តទៀត ព្រោះទឹកភ្លៀងនៅតែបន្តធ្លាក់មក បើយោងតាមរបាយការណ៍មន្ទីរធនធានទឹក និង ឧតុនិយមខេត្តសៀមរាប បានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅស្រុកជីក្រែង មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៥មម ក្នុងតម្រង , ស្រុកសូទ្រនិគម មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៦,៥មម ក្នុងតម្រង , ស្រុកប្រាសាទ មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៥,៩មម ក្នុងតម្រង , ក្រុងសៀមរាប មានភ្លៀងធ្លាក់ក្នុងកម្រិត ១២០,៥មម ក្នុងតម្រង , ស្រុកពួក មានភ្លៀងធ្លាក់ក្នុងកម្រិត៤៣មម ក្នុងតម្រង , ឃុំសសរស្ដម្ភ ក្នុងស្រុកពួក មានភ្លៀងធ្លាក់ក្នុងកម្រិត ៦,៩មម ក្នុងតម្រង , ស្រុកក្រឡាញ់ មានភ្លៀងធ្លាក់ក្នុងកម្រិត ២មម ក្នុងតម្រង , ស្រុកស្រីស្នំ មានភ្លៀងធ្លាក់ក្នុងកម្រិត ៤,៥មម ក្នុងតម្រង , ស្រុកអង្គរជុំ មានភ្លៀងធ្លាក់ក្នុងកម្រិត ២០,៥មម ក្នុងតម្រង , ស្រុកអង្គរធំ មានភ្លៀងធ្លាក់ក្នុងកម្រិត ៣៦មម ក្នុងតម្រង , ស្រុកវ៉ារិន មានភ្លៀងធ្លាក់ក្នុងកម្រិត ១៩,១មម ក្នុងតម្រង , ស្រុកបន្ទាយស្រី មានភ្លៀងធ្លាក់ក្នុងកម្រិត ៣០,៥មម ក្នុងតម្រង និង ស្រុកស្វាយលើ មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៩.១មម ក្នុងតម្រង ៕
អត្ថបទ ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

អត្ថបទដែលជាប់ទាក់ទង
Open

Close