ល្បែង (យូគីស្ទូច) លុយរាប់លានរៀល ក្នុងភូមិអរិយក្សត្រ ប្រជាពលរដ្ឋដាក់ការសង្ស័យថាជាសសៃឈាមរបស់លោក មួង រដ្ឋា អធិការស្រុកល្វាឯម មិនអាចខ្វះបានទើបមិនបង្រ្កាប?
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិសជូនឆ្លើយតបជូនសាធារណជន ទៅនឹងគេហទំព័រសារព័ត៌មាន ខ្លាមាស ធីវីអនឡាញ បានចុះផ្សាយមានខ្លឹមសារថា៖ ល្បែង (យូគីស្ទូច) លុយរាប់លានរៀល ក្នុងភូមិអរិយក្សត្រ ប្រជាពលរដ្ឋដាក់ការសង្ស័យថាជាសសៃឈាមរបស់លោក មួង រដ្ឋា អធិការស្រុកល្វាឯម មិនអាចខ្វះបានទើបមិនបង្រ្កាប។
ក្រោយពីទទួលបានព័ត៌មាននេះរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកល្វាឯម ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី លោកវរសេនីយ៍ទោ មួង រដ្ឋា អធិការនគរបាលស្រុក បានដឹកនាំបញ្ជាកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ចុះទៅដល់ទីតាំងដែលសារព័ត៌មានចុះផ្សាយ ដែលមានម្ចាស់ផ្ទះទីតាំងឈ្មោះ ង្វៀង ធីញ៉ុង ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរ មេផ្ទះ ពិនិត្យជាក់ស្ដែងឃើញថា នៅក្នុងទីតាំងនោះពុំឃើញមានការបើកលួចលេងល្បែងស៊ីសងខុសច្បាប់ប្រភេទ(យូគីស្ទូច)នោះទេ។
ចំពោះម្ចាស់ផ្ទះទីតាំងខាងលើ កម្លាំងជំនាញបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ហាមដាច់ខាតផ្តល់ទីតាំងបើកលួចលាក់លេងល្បែងស៊ីសងគ្រប់ប្រភេទ។
ដោយឡែក ទីតាំងខាងលើកម្លាំងជំនាញ និងកម្លាំងនគរបាលរដ្ឋបាលអរិយក្សត្រ បន្តល្បាតឃ្លាំមើលឱ្យបានញឹកញាប់ ប្រសិនមានការលួចលាក់លេងល្បែងស៊ីសងប្រាកដមែន និងបង្រ្កាបចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕