ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការ លើបុរសម្នាក់ ក្រោយរូបគេចោលសំរាមនៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុង។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់បានយកសំរាមទៅបោះចោលនៅទីសាធារណៈ ដែលមានទីតាំង ខាងក្រោងការាស់សាំងកាល់តិច ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងអនាម័យបរិស្ថាន។
បុរសម្នាក់នេះមានឈ្មោះ កែវ តុលា ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ នៅចំពោះមុខមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឈ្មោះ កែវ តុលា បានសារភាពកំហុសរបស់ខ្លួន ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល តាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។
ឈ្មោះ កែវ តុលា បានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈតទៅទៀតហើយ។ក្នុងករណីមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។
ជាថ្មីម្តងទៀតរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងលើកស្ទួយសោភ័ណភាពទីក្រុងរបស់យើងទាំងអស់គ្នា ហើយសូមមេត្តាកុំបោះចោលសំរាម នៅតាមទីសាធារណៈ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង សុខភាពសាធារណៈ ការអភិរក្សជីវចម្រុះ និងបង្កឱ្យមានការបំពុលដល់បរិស្ថាននៅក្នុងខេត្តព្រះសីហនុទាំងមូល។
សម្រាប់ករណី ឈ្មោះ កែវ តុលា គឺជាសារមួយសម្រាប់បងប្អូន ហើយក្នុងករណីដែលបងប្អូនមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្តនោះទេ រដ្ឋបាលខេត្តព្រះសីហនុដែលមានមន្ទីរបរិស្ថានជាស្ថាប័នជំនាញ នឹងចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់។