ចុះពិនិត្យផែនការត្រៀមបង្ការ គោលដៅងាយរងគ្រោះដោយជំនន់ទឹកភ្លៀងចូលភូមិ និងគោលដៅទីបញ្ជាការកំលាំងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល
ភ្នំពេញ៖ អនុវត្តតាមផែនការដឹកនាំជាប់ជាប្រចាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងយកចិត្តទុកដាក់ជាចម្បងដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននារដូវវស្សា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាប់សណ្តរស្ទឹងព្រែកត្នោត ក្នុងគោលបំណងរៀបចំផែនការត្រៀមបង្ការ និងសង្គ្រោះឲ្យបានទាន់ពេលវេលា នៅរសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់ លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល ដឹកនាំមន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងអាជ្ញាធរសង្កាត់បឹងធំ បន្តចុះពិនិត្យមើលស្ថានភាពកម្ពស់ទឹក និងកំលាំងទឹកហូរ នៅស្ទឹងព្រែកត្នោត ដោយក្នុងនោះបានចុះពិនិត្យគោលដៅប្រឈមដែលងាយរងគ្រោះដោយជំនន់ទឹកលិចចូលភូមិ និងគោលដៅទីបញ្ជាការកំលាំងអន្តរាគមន៍សង្គ្រោះ ស្ថិតនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ៕