បុគ្គលិក កាស៊ីណូម្នាក់ និងបក្ខពួក៣នាក់ត្រូវនគរបាលឃាត់ខ្លួន ក្រោយជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ខណះ១នាក់កំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពជិះម៉ូតូកាបូប របស់ប្រជាពលរដ្ឋម្នាក់មិនបានសម្រេច ត្រូវនគរបាលក្រុងប៉ោយប៉ែតស្ទាក់ឃាត់ខ្លួន យកមកសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញនិងការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងផែនព្រហ្មទ័ណ្ឌនិងកម្លាំងនគរបាលប៉ុស្តី៍ចុះស្រាវជ្រាវ និងស្ទាក់ឃាត់ជនសង្ស័យបានជាបន្តបន្ទាប់ ១-ឈ្មោះ ម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជាបុគ្គលិកកាសុីណូមួយកន្លែងបច្ចុប្បន្នស្នាក់ នៅចំនុចមណ្ឌល៩ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។២-ឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ៣-ឈ្មោះ ខេង លាភហេង ហៅផេង ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ៤-ឈ្មោះញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅបុកគូទឡានគេចតទុក បណ្ដាលអោយដួលរត់ចោលម៉ូតូ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះគឺសមត្ថកិច្ចយើងធ្វើឡើងក្រោយ ពីមានពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ ផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ បានអះអាងថា កាលពីវេលាម៉ោង១២:00នាទីយប់ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ខណះដែលខ្លួនជិះម៉ូតូចេញពីធ្វើការ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ ចំនួន២គ្រឿង មកពីក្រោយជនរងគ្រោះគឺស្របទិសគ្នា បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ខ្លួន តែពុំបានសម្រេច ភ្លាមនោះជនសង្ស័យបាននាំគ្នាព្យាយាមរត់គេខ្លួន ភ្លាមៗនោះកម្លាំងនគរបាលយើងបានចេញប្រតិបត្តិការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជន់សង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេពិតជាបានជិះម៉ូតូដេញឆក់ការបូបប្រាក់របស់ជនរងគ្រោះ នៅមុខភោជនីយ៍ដ្ឋាន វ៉ាយ ពិតប្រាកដមែន។ បច្ចុប្បន្នសង្ស័យត្រូវបានការិយាល័យជំនាញសួនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ផ្តន្ទាទោសតាមច្បាប់៕