ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងគេហទំព័រសារព័ត៌មាន KSRP News បានចុះផ្សាយមានខ្លឹមសារថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកល្វាឯម ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី លោកវរសេនីយ៍ទោ មួង រដ្ឋា អធិការនគរបាលស្រុក បានដឹកនាំបញ្ជាកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉អុង ចុះទៅដល់ទីតាំងដែលសារព័ត៌មានចុះផ្សាយ ដែលមានម្ចាស់ទីតាំងឈ្មោះ អោម នី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់បាយនិងកាហ្វេ ពិនិត្យជាក់ស្ដែងឃើញថា នៅក្នុងទីតាំងនោះពុំឃើញមានការបើកលួចលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍អនឡាញនោះទេ។
ម៉្យាងទៀត ទីតាំងនេះកម្លាំងជំនាញធ្លាប់បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍អនឡាញ ម្តងរួចមកហើយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
ចំពោះម្ចាស់ទីតាំងខាងលើ កម្លាំងជំនាញបានធ្វើការអប់រំណែនាំបន្ថែម ហាមដាច់ខាតបើកលួចលាក់លេងល្បែងស៊ីសងគ្រប់ប្រភេទ។
ដោយឡែក ចំពោះរូបភាពដែលបានយកមកចុះផ្សាយនោះជារូបភាពចាស់ជាយូរមកហើយ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕