សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីបានឃើញគណនីហ្វេសបុកមួយដែលមានឈ្មោះថា YA Nick បានចុះផ្សាយចោទប្រកាន់លើកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលព្រែកព្នៅ ថា “បងប្រុសខ្ញុំគេចោទថាជាជនសង្ស័យចាប់បងប្រុសខ្ញុំទៅសង្កាត់គោករកានៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង៣រសៀល ពេលគេចាប់បងខ្ញុំទៅគ្មានរបួសស្នាមអីទាំងអស់សុខភាពនៅធម្មតា…” ការចុះផ្សាយនេះគឺខុសពីការពិត ក្នុងន័យបង្ខូចកិត្តិយសមន្ត្រីអនុវត្តច្បាប់ ។
កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤:១៦នាទី ជនរងគ្រោះឈ្មោះ សុខ វណ្ណៈ បានមករាយការណ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោករកា នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបាត់គ្រឿងបន្លាស់រថយន្ដ នៅចំណុចក្រោមសំយ៉ាបផ្ទះលេខ២០០ ផ្លូវD ក្នុងបុរីពីភពថ្មីឈូកវ៉ា១ ភូមិភ្លូរផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចក៏បានចុះអន្ដរាគមន៍ដល់ចំណុចកើតហេតុ និងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដោយបានបើកកាំមេរ៉ាសុវត្ថិភាពនៅក្បែរទីតាំងកើតហេតុមើល ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ទី១.ឈ្មោះ ហាយ ប៊ុនណា ភេទប្រុស ទី២.ឈ្មោះ គឹម ឆុន ភេទប្រុស និងទី៣.ឈ្មោះ គឹម សួគ៍ា ភេទប្រុស បានធ្វើសកម្មភាពលួចគ្រឿងបន្លាស់រថយន្ដរបស់ជនរងគ្រោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម៉ោង១៤:១៦នាទី ហើយបាននាំគ្នារត់គេចខ្លួនបាត់។
រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨:៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នៅចំណុចលើផ្លូវបេតុង ភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ យកមកធ្វើការសាក់សួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោករកា ជនសង្ស័យទាំង០៣នាក់បានសារភាពពួកខ្លួនពិតជាបានលួចយកគ្រឿងបន្លាស់រថយន្ដរបស់ជនរងគ្រោះ នៅចំណុចកើតេហតុខាងលើ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម៉ោង១១៤:១៦នាទី ប្រាកដមែន ហើយបានយកទៅលក់បានប្រាក់ចំនួន១០០.០០០រៀល (ដប់ម៉ឺនរៀលគត់) យកមកចែកគ្នាចាយវាយអស់។
លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ហាយ ប៊ុនណា ដែលសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅក្នុងបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្ន នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ក៏មានអាការៈប្រកាច់ដួលផ្ងាកក្រោយទាំងជំហ៊ (មានទាំងកាម៉េរ៉ាសុវត្ថិភាព) ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យបង្អែកព្រែកព្នៅ បានបញ្ជូនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តែម្ដង។
រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លើជនសង្ស័យឈ្មោះ ហាយ ប៊ុនណា ដែលកំពុងសម្រាកព្យាបាលនៅក្នង មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បីយកជនសង្ស័យទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តែដោយសារស្ថានភាពជំងឺរបស់ជនសង្ស័យមិនបានធូរស្រាល ទើបកម្លាំងសមត្ថកិច្ចបន្ដព្យាបាលជនសង្ស័យនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី ទើបកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យឈ្មោះ ហាយ ប៊ុនណា ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី១ គ្រប់គ្រងបន្ដ លុះដល់ថ្ងៃទី០៣ ខែឆ្នាំដដែល ម៉ោង១៦:៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ហាយ ប៊ុនណា បាន ទទួលមរណៈភាព នៅក្នុង មន្ទីពេទ្យមិត្តភាពខ្មែរ-សូរវៀត តែម្តង។ បន្ទាប់មកការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ របស់នាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ក្រសួងមហាផ្ទៃ និងលោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ព្រមទាំងមន្ដ្រី តំណាងឲ្យអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែរប្រែទី១ (ម១) ក្រសួងមហាផ្ទៃ បានចុះពីនិត្យលើសពជនសង្ស័យឈ្មោះ ហាយ ប៊ុនណា បញ្ជាក់ថាជនសង្ស័យឈ្មោះ ហាយ ប៊ុនណា បានស្លាប់ដោយសារ ខ្សោយតម្រង់នោមដំណាក់កាលចុងក្រោយ ។