សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពី មេខ្លោងជួញដូរមនុស្សយកកម្ពុជា ធ្វើជាទីកន្លែងប្រព្រឹត្តិបទល្មើស
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពីមេខ្លោងជួញដូរ មនុស្សតាមប្រព័ន្ធទូរគមនាគមន៍ កំពុងយកកម្ពុជាធ្វើជាទីកន្លែង ប្រព្រឹត្តិបទល្មើសជួញដូរមនុស្ស។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជនល្មើសជាមេខ្លោងជួញដូរមនុស្ស តាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បីទីកន្លែង ប្រព្រឹត្តិបទល្មើសនោះ ចឹងកម្ពុជាយើង ជាទីកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជាមេខ្លោងនោះ ៩៩.៩៩ភាគរយ គឺមិនមែនខ្មែរ ហើយមេខ្យល់ ដែលរៀបចំបញ្ជូនមនុស្សចេញ ពីប្រទេសរបស់ខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរដែរ។
សម្ដេចក្រឡាហោម បន្ដថា ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនា គមន៍ នៅរាជធានីភ្នំពេញ សម្ដេច ក៏បានទទួលពាក្យបណ្ដឹងចំនួន២ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយបញ្ជូលជនរងគ្រោះ ទាំងនោះ ត្រឡប់ទៅប្រទេសដើមវិញផងដែរ។
សម្ដេចក្រឡាហោម បញ្ជាក់បន្ថែមថា «ឥឡូវនេះ មានបទល្មើសថ្មីមួយ ដែលលិចឡើងយ៉ាងសាហាវចុងក្រោយ នៅកម្ពុជារបស់យើងនេះ។ ខ្ញុំ យកឱកាសនេះបញ្ជាក់ថា វាមិនមែនជាបទល្មើសប្រពៃណីទេ ជាបទល្មើសមុនប្រពៃណី នោះគឺបទល្មើសឆបោកតាម ប្រព័ន្ធទូរគមនាគមន៍ ហើយជាបញ្ហាកំពុងកើតមានសព្វថ្ងៃនេះ»។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានរៀបរាប់ថា មេខ្លោង នៃការជួញដូរមនុស្សនេះ គឺជាជនជាតិវៀតណាម ជនជាតិចិនតៃវ៉ាន់ ជនជាតិចិន ជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី និងជនជាតិថៃ ជាដើម។ យ៉ាងណាក៏ដោយ សម្តេច ក៏បានធ្វើការអំពាវនាវដល់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាឱ្យបានសកម្មបន្ថែមទៀត ក្នុងកិច្ចការទប់ស្កាត់នូវបទល្មើស នៃការជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបានកំពុងកើតឡើងនៅលើទឹកដីកម្ពុជា គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនោះ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា