ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ៖ នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម អ៊ីវ លាង អគ្គាធិការ ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍អំពីអគ្គាធិការដ្ឋានជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា ចំពោះការងារអធិការកិច្ចដោះស្រាយពាក្យបណ្តឹងក្នុងរយៈពេល ៤ឆ្នាំនេះ អគ្គាធិការដ្ឋាន បានធ្វើការងារអធិការកិច្ច ចំនួន ២៨៦សំណុំរឿង ក្នុងនោះ អគ្គាធិការដ្ឋាន បានទទួលពាក្យបណ្តឹង ចំនួន ៣៩៩២សំណុំរឿង, បណ្តឹងពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋ ចំនួន៨១ សំណុំរឿង, បណ្តឹងរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរ ចំនួន ១៥១០សំណុំរឿង, បណ្តឹងពាក់ព័ន្ធនឹងកំហុសឆ្គង ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី ចំនួន ២៣៥៧ សំណុំរឿង, ករណីអាជ្ញាធរ ជាមួយអាជ្ញាធរ ចំនួន ៨៤ សំណុំរឿង ក្នុងនោះ បានដោះស្រាយបញ្ចប់ចំនួន ៣៨១៣ សំណុំរឿងហើយ កំពុងបន្តនិតិវិធី ចំនួន ១៧៩សំណុំរឿង។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឡើងអានព្រះរាជក្រឹត្យ ស្ដីពីការតែងតាំងមុខតំណែង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដែលត្រូវបានតែងតាំងជាអគ្គាធិការថ្មី បានធ្វើការប្ដេជ្ញាចិត្តថា នឹងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, អនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌និងប្រសិទ្ធភាព, អនុវត្តការណែនាំចង្អុលបង្ហាញ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាព។

ឯកឧត្តមបានបន្តប្តេជ្ញា ប្រកាន់ខ្ជាប់នូវគុណសម្បត្តិ៤យ៉ាង គឺ ឆន្ទៈ ម្ចាស់ការ មនសិការៈ វិជ្ជាជីវៈ និងភក្តីភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការងារឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវក្នុងការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងលើកទឹកចិត្តមន្ត្រីឱ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេច បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ីវ លាង ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម បានបំពេញការងារ និងដឹកនាំចាត់ចែង ព្រមទាំងអភិវឌ្ឍន៍អគ្គាធិការដ្ឋាន ឱ្យមានការរីកចម្រើនជាបន្ដបន្ទាប់។ សម្ដេចបន្ដថា អគ្គាធិការដ្ឋាន គឺជាអង្គភាពមួយគាំទ្រដោយការអនុវត្ត និងតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែល្អប្រសើរ។ សម្ដេចក្រឡាហោម បន្ថែមថា ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរអ្នកដឹកនាំ ហើយអគ្គាធិការដ្ឋាន ពិតជាមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់រយៈពេលចុងក្រោយនេះ ឃើញថា បានតម្រង់ទិសត្រឹមត្រូវច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជឿជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ នឹងមានសមត្ថិភាព ក្នុងការបន្ដវេនពី ឯកឧត្តម អ៊ីវ លាង ហើយធ្វើយ៉ាងចាត់ចែងការងារនៅអគ្គាធិការដ្ឋាន ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេច បានស្នើដល់ ឯកឧត្តម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅអគ្គាធិការដ្ឋានទាំងអស់ ត្រូវបន្ដគាំទ្រ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដើម្បីអាចបំពេញតួនាទីភារកិច្ចនេះ ប្រកបដោយជោគជ័យបន្ថែមទៀត។
លើសពីនេះ សម្ដេចក្រឡាហោម បានសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទាំងអស់ និងគាំទ្រ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដើម្បីបំពេញភារកិច្ចឱ្យតែល្អប្រសើរ។ សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ មានភារកិច្ចធំៗចំនួន២ រួមមាន៖ ការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមជម្រាបជូនដែរថា នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្កាប់ ឯកឧត្តម អ៊ីវ លាង ពីអគ្គាធិការ នៃអគ្គាធិការដ្ឋាន មកជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការរង មកជាអគ្គាធិការ អគ្គធិការដ្ឋាន នៃក្រសួងមហាផ្ទៃ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង
Open

Close