ល្បែងសុីសងជល់មាន់អនឡាញ បង្កប់ក្នុងអាហារដ្ឋាន (ហេង លី 778 ) កំពុងធ្វើព្យុះភ្លៀង ដែឬទេ? ដើម្បីអនាគតបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន!
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជនមេត្តាជ្រាបថា៖ កន្លងទៅថ្មីៗនេះមានសារព័ត៌មាន ផល្លី ញ៉ូវ បានសរសេរ និងបង្ហោះព័ត៌មាននៅតាមបណ្ដាញទំនាក់ទមនងសង្គម ដែលមានខ្លឹមសារថា” តើ លោក ដា ចំរើន អធិការក្រុងសៀមរាប អាចបន្ដចុះបង្រ្កាបទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញ បង្កប់ក្នុងអាហារដ្ឋាន (ហេង លី 778 ) កំពុងធ្វើព្យុះភ្លៀង ដែឬទេ? ដើម្បីអនាគតបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន! ” ។
បន្ទាប់ពីទទួលបានព៌ត៍មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាបដើម្បីចុះស្រាវជ្រាវជាបន្ទាន់ ដែលជាលទ្ធផល់ទទួលបានមានដូចខាងក្រោម៖
ជាកស្ដែងនៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនៃ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម បានចុះស្រាវជ្រាវដល់ទីតាំង ហាងកាហ្វេហេង លី 778 ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពិនិត្យឃើញថា៖ នៅក្នុងហាងកាហ្វេនេះមានប្រជាពលរដ្ឋអង្គុយមើលវីដេអូ និងផឹកកាហ្វេធម្មតា មិនមានការលេងល្បែងជល់មាន់តាមអនឡាញនោះទេ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ សម្ថកិច្ចក៏បានធ្វើកិច្ចសន្យាចំពោះអ្នកគ្រប់គ្រងហាងនេះ ដែលមានឈ្មោះ ព្រហ្ម គ្រីស្នា ភេទប្រុស អាយុ ៤២ឆ្នាំ ដោយមិនត្រូវផ្ដល់ទីតាំង ឬបើកលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងហាងនេះ ប្រសិនបើ មិនអនុវត្តន៍តាម និងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន ។
ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ដែលតែងតែចូលរួមផ្ដល់ព័ត៌មានពិត ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេស ចូលរួមអនុវត្តនូវលក្ខណសម្បត្តិទាំង៧យ៉ាង នៃ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕