កណ្តាល៖ ប្រពភ ប្រាប់ថា កាលពី លោក អ៊ូច សៅវឿន មិនទាន់ឡើងធ្វើជាអភិបាលស្រុកកណ្ដាលស្ទឹង ផ្លូវមួយខ្សែទៅសាលាស្រុកកណ្ដាលស្ទឹងមានសភាពស្អាតល្អ អ៊ុតកៅស៊ូ អត់ជង្ហុក អត់សម្បុកមាន់ អត់ខ្ទេច អត់បែកភក់ទេ ប៉ុន្តែក្រោយពីលោក អ៊ូច សៅវឿន ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹងមិនបានប៉ុន្មានឆ្នាំផង ផ្លូវខាងលើនេះប្រែប្រួល ប្រែកាយ ក្លាយជាផ្លូវដូចចុះនរក បែកភក់ បែកម៉ាំ បែកខ្ទិះ ជង្ហុកធំៗ រអិលដូចប្រេងអូលីវ ជាហេតុធ្វើឲ្យប្អូនៗសិស្សានុសិស្ស មន្ត្រីរាជការ អាជីវករ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋមានការលំបាកជាខ្លាំងក្នុងការធ្វើដំណើររាល់ពេលត្រូវឆ្លងកាត់ផ្លូវខាងលើនេះម្ដងៗ។ នេះបើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលប្រាប់ឲ្យបណ្ដាញព័ត៌មានយើងបានដឹង។
ប្រភពផ្សេងក៏បានខ្សឹបឲ្យដឹងបន្ថែមទៀតថា ការដែលផ្លូវជាច្រើនខ្សែរងការបំផ្លិចបំផ្លាញយ៉ាងដំណំដូច្នេះ ជាពិសេសផ្លូវទៅកាន់សាលាស្រុកកណ្ដាលស្ទឹងគឺបណ្ដាលមកពីមានក្រុមរថយន្តដឹកដីខ្សាច់ថ្មធំៗជាច្រើនគ្រឿងបានសម្រុកដឹកដីចេញពីរណ្ដៅដីទាំងមានច្បាប់និងអត់ច្បាប់ក្នុងដែនអាណាចក្រស្រុកកណ្ដាលស្ទឹង ហើយសង្ស័យថាមាននេះមាននោះជាមួយគ្នាហើយ បានលោកអភិបាលស្រុករូបនេះ សង្ស័យធ្វើបិទភ្នែក ធ្វើមើលមិនឃើញ បណ្ដែតបណ្ដោយឲ្យក្រុមរថយន្តដឹកដី ខ្សាច់ថ្មទាំងនោះ សម្រុកដឹកដូចព្យុះ ដូចហែរបុណ្យកឋិនទាន។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ភ្នាក់ងារព័ត៌មានយើង បានចុះមកដល់ទីតាំងផ្លូវដែលប្រជាពលរដ្ឋបានប្រាប់ខាងលើ ក៏សង្កេតឃើញថា មានរថយន្តដឹកដី ខ្សាច់ ថ្មជាច្រើនគ្រឿងកំពុងបន្តដឹកដី ខ្សាច់ ថ្ម ទៅចាក់បំពេញតាមទីតាំងផ្សេងៗ ដោយឆ្លងកាត់ផ្លូវនេះដដែល ជាដដែល ទើបជាហេតុធ្វើឲ្យផ្លូវនេះពិតជាកំពុងទទួលរងនូវការខូចខាត រងនូវភាពបំផ្លិចបំផ្លាញ ហិនហោចប្រាកដមែន។
ប្រភពផ្សេងទៀតបានប្រាប់ឲ្យដឹងទៀតថា អភិបាលស្រុករូបនេះ កំពុងរងនូវការមិនពេញចិត្តពីមន្ត្រីក្រោមឱវាទជាច្រើនរូប ព្រោះតែប្រើអំណាចគាបសង្កត់ បក្សពួកនិយម សង្ស័យទទួលសំណូកដើម្បីធ្វើការតែងតាំងមន្ត្រីដោយគ្មានតម្លាភាព ស៊ីដាច់លុយរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួនដោយគ្មានការខ្មាសអៀន និងបានយកលុយពីម្ចាស់រណ្ដៅដីទាំងមានច្បាប់និងអត់ច្បាប់ទៀតផង។
គួររំលឹកថា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានសម្រេចផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ពីអភិបាលក្រុងតាខ្មៅ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល ហើយតែងតាំងលោក ឃឹម សំភារ ឱ្យទៅកាន់អភិបាលក្រុងតាខ្មៅជំនួសវិញ។ ដោយឡែកកាលព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា សម្ដេចបានដកអភិបាលក្រុងខ្មៅ នូ សុវណ្ណរ៉ា តែ១ថ្ងៃ រឿងអត់មើលផ្លូវ។
ជុំវិញ ករណី ខាងលើ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង ទទទួលស្គាល់មានការខូចខាត ប៉ុន្តែពេលនេះមានការជួសជុលហើយនិងជាការដ្ឋាន ដាក់លូផងអាចមានការលំបាកក្នុងការធ្វើដំណើរបន្តិច ការដាក់លូនេះដើម្បីត្រៀមចាក់ផ្លូវបេតុងលើ ផ្លូវនេះដែលមានប្រវែង ៦ ៨៧០ម៉ែត្រ ក្រោមកាតជួយឧបត្ថម្ភពីសំណាក់ឯកឧត្តមអភិបាលខេត្តនា ពេលខាងមុខដ៍ឆាប់នេះហើយបន្ទាប់ពីផ្លូវនេះត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុញ្ញាតិអោយក្រុមហ៊ុន សៀងហៃគ្រុប ប្រើប្រាស់ដឹកដីស្ថាបនា ផ្លូវក្រវ៉ាត់ក្រុងទី ៣ សូមបងប្អូនជ្រាប សុំការអធ្យាស្រ័យបងប្អូនទាំងអស់មេត្តាអធ្យាស្រ័យ ដោយក្តីអនុគ្រោះ។